ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ច ក្រោយរាជរដ្ឋាភិបាលបង្កើតកាលពីសប្ដាហ៍មុន។

គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។

គណៈកម្មការចំពោះកិច្ចនេះ មានឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។

គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន
* ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ
* ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន
* សិក្សាស្រាវជ្រាវលើប្រភពបញ្ញា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន
* រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី
* ធ្វើការត្រួតពិនិត្យដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ
* ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ ចូលនៅច្រកទ្វារព្រំដែន
* ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន
* ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ
* លុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន
* អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕