ចិនមានគម្រោងសិក្សាស្រាវជ្រាវ រាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣ នៅប្រាសាទព្រះវិហារ ខណៈកម្ពុជាស្វាគមន៍


លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្លៀតជួបពិភាក្សាគ្នា។

នៅក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្រ្តី បានរំលឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តមសីហនុ និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរ ក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិននៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ ហើយស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងគម្រោងសិក្សាស្រាវជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ។ ជាមួយគ្នានោះ ភាគីចិនក៏បានសន្យាថា នឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជាលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌ នៅពេលអនាគត។

នៅទីបញ្ចប់ ភាគីទាំងពីរបានឯកភាពគ្នា បង្កើតក្រុមការងាររួមមួយដើម្បីជំរុញទំនាក់ទំនងការងារឲ្យកាន់តែមានប្រសិទ្ធិភាពនៅពេលអនាគត៕