សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក


សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុត ក្នុងឱកាសអង្គការយូណេស្កូ សម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងលិខិតរបស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមសម្តែងនូវការអបអរសាទរប្រកបដោយក្តីមោទនភាពជាតិ ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទី ក្រុងរីយ៉ា ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

ក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្ររាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សតី ព្រះវររាជមាតាជាតិខ្មែរ រាជរដ្ឋាភិបាល នីតិកាលទី៦ និងនីតិកាលទី ៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានខិតខំតស៊ូ ព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់បំផុតជូនជាតិមាតុភូមិកម្ពុជាយើង។

ប្រជាជាតិខ្មែរទាំងមូល សូមសម្តែងនូវអំណរព្រះមហារាជគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយដល់ដួង ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សេត ព្រះបរមរតនកោដ្ឋ និងដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏ល្អឯកតំណាងឱ្យអរិយធម៌ដ៏ចំណាស់ និងជាអត្តសញ្ញាណរបស់ជាតិ ដែលកូនចៅជំនាន់ក្រោយមានកាតព្វកិច្ចថែរក្សាការពារឱ្យបានគង់វង្សតរៀងរហូតតទៅ៕