មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ អូរក្រូច


នៅថ្ងៃទី ១៨ ខែសីហា​ ឆ្នាំ ២០១៧ មន្ត្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ អូរក្រូច ជំហានទី ២ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
គួររំលឹកផងដែរថា ដើម្បីទាញយកឱ្យអស់លទ្ធភាពពីសក្តានុពលនៃប្រព័ន្ធធារាសាស្ត្រអូរក្រូច ទៅបំរើឱ្យការងារបង្កបង្កើនផលជូនបងប្អូនប្រជាកសិករ នៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ និងឃុំជ័យ ស្រុកកំពង់ស្វាយ គម្រោងអនុត្តរភាពប្រព័ន្ធនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការអនុវត្តនូវជំហានទី ២ បន្តទៀត ដោយមានទំហំការងារ ៖
– សាងសង់ប្រឡាយមេ ប្រវែង ១០.១៥០ ម ។
– សាងសង់សំណង់សិល្បការ សរុបចំនួន ៣៧ កន្លែង ។
គម្រោងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ អូរក្រូច ជំហានទី ២ នេះ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលសរុបប្រមាណ ៣.០០០ ហិកតា ៕