រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំត្រៀមរៀបចំពិធីអុំទូកនៅពាក់កណ្ដាលខែវិច្ឆិកា


ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំជាមុនពិធីអុំទូក នៅខេត្តស្ទឹងត្រែង ដើម្បីអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះខែ ក្នុងឆ្នាំ២០២៣ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ មុនពិធីអុំទូកថ្នាក់ជាតិមួយសប្តាហ៍។

ឯកឧត្តម ស្វាយ សំអ៊ាង បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ​ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់​ដើម្បីពន្លឿនលើការងារទាំងនោះឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ឯកឧត្តមបានរំលឹកថា ដោយសារពេលវេលាកាន់តែខ្លីខិតជិតមកដល់ហើយនោះ សូមក្រុមការងារធ្វើការបែងចែកទៅតាមក្រុមការងារជំនាញរៀងៗខ្លួន ពិសេសការរៀបចំសម្អាតសោភ័ណភាពក្រុង មានដូចជាអនាម័យ សំរាម បរិស្ថាន សន្តិសុខ សណ្តាប់ធ្នាប់ តាំងពិព័រណ៍ បាញ់កាំជ្រួច និងតន្រ្តីសម័យកម្សាន្តនៅក្នុងពិធីបុណ្យនេះជាដើម។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងក៏សង្ឃឹមថា នៅក្នុងឆ្នាំ២០២៣នេះនឹងមានទូកតាមបណ្តោយមន្ទីរអង្គភាពនឹងក្រុង-ស្រុកចូលរួមឲ្យបានច្រើនជាងឆ្នាំរាល់ដង ដើម្បីបង្កលក្ខណៈសប្បាយដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ក៏ដូចភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសប្រជាពលរដ្ឋនៅខេត្តជាប់ជាមួយខេត្តស្ទឹងត្រែង។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២៣នេះ ខេត្តស្ទឹងត្រែងក៏បានត្រៀមលក្ខណៈរួចរាល់ក្នុងការយកទូកង ដែលមានឈ្មោះ «សេកុងសែនជ័យ បារមីព្រះអង្គធំ» ដើម្បីចូលរួមប្រកួតប្រជែងនៅថ្នាក់ជាតិខាងមុននេះផងដែរ៕