ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារផ្ទៃក្នុង ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្តីរាជការ ចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើង រួមទាំងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។
កិច្ចប្រជុំនេះ ក្នុងគោលបំណងស្វែងយល់ការលំបាក និងបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកនូវដំណោះស្រាយសមស្រប និងធ្វើការកែលំអរចំណុចទាំងនោះ ដើម្បីលើកកម្ពស់ គុណភាព, ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណរដ្ឋមន្ត្រីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ឱ្យស័ក្កិសមជាមួយសេនាធិការដ៏សំខាន់មួយ របស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។
តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត បានដាក់ចេញនូវគោលការណណែនាំមួយចំនួន ជូន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទីស្តីការគណៈរដ្ឋមន្ត្រី យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ចាប់តាំងពីដំណាក់កាលនៃការរៀបចំ រហូតដល់ការតាមដានការអនុវត្តការសម្រេចរបស់គណៈរដ្ឋមន្រ្តី, ការរៀបចំកណត់បង្ហាញលើសំណើ និងរបាយការណ៍នានាគោរពជូន សម្តេចធិបតីនាយករដ្ឋមន្រ្តី ពិនិត្យ និងសម្រេច ឱ្យបានលឿនទាន់ពេល, ត្រឹមត្រូវ, ច្បាស់លាស់, គ្រប់ជ្រុងជ្រោយ, គុណភាព និងប្រសិទ្ធភាព ព្រមទាំងត្រូវមានត្រូវមានវាយតម្លៃ, ការផ្តល់មតិយោបល់ និងជូនជាជម្រើស ទាំងក្នុងក្របខណ្ឌនយោបាយ, ច្បាប់ និងក្របខណ្ឌបច្ចេកទេសផ្សេងៗ។
ពាក់ព័ន្ធនឹងកត្តាពេលវេលានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ជួនកាលយើងធ្វើកិច្ចការបានល្អហើយ ក៏ប៉ុន្តែបើយឺតពេល វាអាចធ្វើឲ្យបាត់បង់នូវតម្លៃ និងលទ្ធផលការងារនោះវិញ។
ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរ ពាក់ព័ន្ធនឹងការងាររាជកិច្ច និងតម្កល់ឯកសារ ជាតិ ដែលជាកិច្ចការអាទិភាពមួយ ព្រោះឯកសារជាតិសំខាន់ៗមួយចំនួន មានតម្លៃមហាសាលមិនអាច កាត់ថ្លៃបាន ដែលចាំបាច់ថែរក្សាឱ្យគត់ម៉ត់។ ជាមួយនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានផ្តល់ ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនិងលំហូរការងារ ដោយផ្សារភ្ជាប់ជាមួយនឹងការធ្វើបរិវត្តកម្មឌីជីថល ព្រមទាំងការរៀបចំបំពេញរចនាសម្ព័ន្ធមួយចំនួន ហើយអគ្គនាយកដ្ឋាននីមួយៗត្រូវរៀបចំផែនការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ដើម្បីជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តថវិកាបីឆ្នាំរំកិលរបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងផែនការយុទ្ធសាស្រ្ត ៥ ឆ្នាំ ដោយរួមបញ្ជូលទាំងផែនការអភិវឌ្ឍធនធានមនុស្សរបស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តបង្កើនសមត្ថភាពការងារ តាមរយៈការបើកវគ្គបំប៉ន់ផ្ទៃក្នុង និងតាមរយៈចូលរួមវគ្គបណ្តុះបណ្តាលខ្លី ទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសិក្ខាសាលា និងកិច្ចប្រជុំនានា។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរ ពាក់ព័ន្ធនឹងការផ្តល់ការលើកទឹកចិត្តមន្រ្តីរាជការ ដែលកិច្ចការនេះ ត្រូវផ្សារភ្ជាប់ទៅនឹងសមត្ថភាព និងសមិទ្ធផលការងារ ប៉ុន្តែក៏មានការគិតគូរផងដែរអំពីគោលការណ៍សមធម៌ និងបរិយាប័ន្ន ដើម្បីអាចទៅមុខបាន ហើយរស់ទាំងអស់គ្នា៕