កម្ពុជា-ចិន បិទសមយុទ្ធសុខាភិបាលយោធារួមគ្នា ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣»


(ភ្នំពេញ)៖ កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបិទសមយុទ្ធសុខាភិបាលយោធារួមគ្នាមួយ ដែលមានឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។

ពិធីបិទសមយុទ្ធយោធារួមគ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងតំណាងកងទ័ពរំដោះប្រជាជនចិន ព្រមទាំងមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានកម្ពុជា-ចិនជាច្រើនរូបទៀត។

សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បានរៀបចំក្រោម ប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។

ភាគីចិនមានចំនួនសរុប១២៦នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធចំនួន ២០នាក់ ក្រុមអាកាសយានិកចំនួន ១០នាក់ កម្លាំងសុខាភិបាលចំនួន ៩៥នាក់។ ភាគីកម្ពុជាមានចំនួនសរុប ៥៩៥នាក់ ក្នុងនោះក្រុមដឹកនាំសម យុទ្ធ២៤នាក់ កម្លាំងធ្វើសមយុទ្ធ ២៣៧នាក់ កម្លាំងបម្រើការ ចំនួន៣៣៤នាក់។

សមយុទ្ធទេវតាសន្តិភាព-ឆ្នាំ២០២៣ បានរៀបចំខ្លឹមសារសមយុទ្ធជា កម្លាំងទ័ពពិតធ្វើការចល័តតាមទីតាំងផ្សារភ្ជាប់នឹងស្ថានភាពជាក់ស្ដែង តាមប្រធានបទ ខាងលើមានចំនួន៧ ក្នុងនោះរួមមានទី

១៖ ការបញ្ហាកម្លាំងសុខាភិបាលរួមគ្នា,

ទី២៖ ការដឹកជញ្ជូនកម្លាំងទ័ព,

ទី៣៖ ការពង្រាយកម្លាំងប្រតិបត្តិការ,

ទី៤៖ ការជួយសង្គ្រោះ នៅទីតាំងរងគ្រោះ,

ទី៥៖ ការផ្ទេរបញ្ជួនអ្នករងគ្រោះព្យាបាលបន្ត,

ទី៦៖ ការបញ្ជូនអ្នករងគ្រោះតាមផ្លូវអាកាស,

៧៖ ការការពារបង្ការជំងឺឆ្លង។

សមយុទ្ធនេះ ក៏ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំ នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិន, ដើម្បីលើកកម្ពស់សមត្ថភាព, ការផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗឱ្យប្រកបដោយប្រសិទ្ធភាពជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ធ្លាប់បានកត់សម្គាល់ថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខនៃកងទ័ពប្រទេសទាំងពីរ ដែលក្នុងនោះរំពឹងនឹងទទួលបានដោយជាក់ស្ដែង លើការងារមួយចំនួនដូចជា ការផ្លាស់ប្ដូរបទពិសោធន៍លើ «ប្រតិបត្តិការសង្គ្រោះ សុខាភិបាល មនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់គ្រោះមហន្តរាយខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ» និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ ខណៈដែលកម្ពុជា ក៏ធ្លាប់ទទួលរងនូវគ្រោះមហន្តរាយនានាដោយយថាហេតុ នៅក្នុងផ្ទៃប្រទេសនាពេលកន្លងមកផងដែរ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមជំនឿថា សមយុទ្ធរួមគ្នានាខែកញ្ញា ឆ្នាំ២០២៣ នេះ និងរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រ ដល់កិច្ចដំណើរការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាការកសាងសហគមន៍វាសនារួមគ្នា កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត៕