ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន ដឹកនាំប្រតិភូកីឡាកម្ពុជា ទៅប្រកួតកីឡាអាស៊ី នៅចិន ប្រកបដោយក្ដីសង្ឃឹម និងការជឿជាក់


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានដឹកនាំប្រតិភូកីឡាកម្ពុជា ទៅចូលរួមការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានថ្លែងប្រាប់អ្នកសារព័ត៌មានមុនចាកចេញពីមាតុភូមិថា បេសកកម្មដឹកនាំដោយលោកទេសរដ្ឋមន្ដ្រីថ្ងៃនេះ មានថ្នាក់ដឹកនាំមួយចំនួន និងកីឡា ២ប្រភេទ គឺកីឡាតេក្វាន់ដូ WT និងយូដូ ។ រីឯកីឡាខ្លះ បានធ្វើដំណើរទៅដល់គោលដៅ ហើយកីឡាមួយចំនួនទៀត ត្រូវធ្វើដំណើរជាបន្ដបន្ទាប់ តាមកម្មវិធីប្រកួតរបស់ខ្លួន ក្នុងចំណោម ១៧ប្រភេទកីឡា ។

អនុប្រធានប្រតិភូដដែលបន្ដថា «យើងកំពុងធ្វើដំណើរប្រកបដោយក្ដីសង្ឃឹម និងការជឿជាក់ សម្រាប់បេសកកម្មនេះ, ដូចយើងឃើញហើយ ម្សិលមិញនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជួបសំណេះសំណាល និងផ្ដល់នូវអនុសាសន៍ណែនាំជាច្រើន ជាពិសេសជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនីឲ្យធ្វើចូលរួមការប្រកួត ប្រកបដោយមោទនភាពជាតិខ្ពស់ ហើយរក្សាបាននូវកិត្ដិយសជាតិ ក្នុងពេលប្រកួត និងទំនាក់ទំនងល្អ ជាមួយម្ចាស់ផ្ទះ និងបណ្ដាប្រទេសចូលរួមផ្សេងទៀត» ។

ឯកឧត្តមបន្ថែមថា «ការអនុញ្ញាតឲ្យប្រតិភូកីឡាចូលជួបសម្ដែងការគួរសម និងជម្រាបលានេះ គឺជាការលើកទឹកចិត្ត និងជំរុញនូវចិត្តសាស្ដ្រកីឡាមួយយ៉ាងធំ ដែលយើងដឹងហើយថា រៀងរាល់ដង ដែលកាលសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ធ្លាប់លើកទឹកចិត្តជាប្រពៃណី តែងតែលើកទឹកចិត្តបែបនេះ មុនចេញទៅប្រកួតរៀងរាល់ពេលទាំងអស់ ដែលនេះ គឺជាសក្ខីភាពមួយ នៃការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញទឹកចិត្តដល់កីឡាករ-កីឡាការិនី» ។

ប្រតិបត្តិករកីឡាកម្ពុជាដដែល លើកឡើងទៀតថា ផ្អែកលើការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងកិច្ចសហការយ៉ាងជិតស្និទ្ធ ក៏ដូចជាការផ្ដល់នូវភាពកក់ក្ដៅពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បានជំរុញឲ្យការរៀបចំប្រតិភូកីឡាកម្ពុជាបានល្អ សម្រាប់ចូលរួមការប្រកួតអន្ដរជាតិនានា ជាក់ស្ដែងការប្រកួតកីឡាប្រចាំទ្វីបនាពេលនេះ ។ ទោះបីកីឡាអាស៊ី គឺជាកីឡាកម្រិតខ្ពស់និងសម្បូរប្រទេសមានសក្ដានុពលខ្លាំងផ្នែកវិស័យកីឡាលើពិភពលោក តែកម្ពុជាជឿជាក់ថានឹងទទួលបានលទ្ធផលល្អប្រសើរណាមួយជូនជាតិ ។

ឯកឧត្តមបញ្ជាក់ថា «ការរៀបចំបានល្អមុនចេញដំណើរ បានធ្វើឲ្យយើងសង្ឃឹមទទួលបានជោគជ័យមួយចំនួន ក្នុងការចូលរួមនេះ ។ សូមជម្រាបជូនថា ក្នុងចំណោម ១៧ប្រភេទកីឡានេះ យើងមាន ៦-៧ប្រភេទកីឡាដែរ ដែលអាចស្វែងរកមេដាយល្អបាន ដូចជាកីឡាគ្រិកឃីត តេក្វាន់ដូ ចំបាប់ យូដូ ជឺជីតស៊ូ និងប្រភេទកីឡាប្រយុទ្ធមួយចំនួន ។ យើងដឹងថា ការប្រកួតកីឡាអាស៊ីនេះ គឺជាកម្រិតខ្ពស់ណាស់ ហើយមានប្រទេសមានសក្ដានុពលផ្នែកកីឡាធំៗច្រើន ដូចជាចិន ជប៉ុន កូរ៉េ អ៊ីរ៉ង់ និងកាហ្សាក់ស្ថានជាដើម សុទ្ធតែជាប្រទេសមានសក្ដានុពលខ្ពស់មែនទែន ក្នុងវិស័យកីឡាលើពិភពលោក» ។

«យើងនឹងដកស្រង់បទពសិធន៍នេះ ហើយជំរុញលើកទឹកចិត្តដល់អត្តពលិករបស់យើង ដើម្បីជាការមួយ ដែលធ្វើឲ្យបច្ចេកទេសទទួលបាននូវភាពគត់មុតបាន ។ ទាំងអស់នេះ យើងទាំងអស់គ្នា មានតែការខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព គោរពយ៉ាងខ្ជាប់ខ្ពួនជាទីបំផុត តាមអនុសាសន៍ណែនាំឌ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងត្រឡប់មកវិញជាមួយកិត្តិយស និងជោគជ័យក្នុងបេសកកម្មដ៏វិសេសវិសាលសម្រាប់ជាតិមាតុភូមិនៅពេលនេះ»