ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួម «ពិធីបិទសន្និបាតប្រចាំឆ្នាំនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ» កូរ៉េខាងត្បូង


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ បានដឹកនាំគណៈប្រតិភូកម្ពុជាមកចូលរួម «ពិធីបិទសន្និបាតប្រចាំឆ្នាំនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ» នៅទីក្រុងដេហ្គូ ខេត្តឃ្យុងសាង-ប៊ុកដូ សាធារណរដ្ឋកូរ៉េ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះ តែងតែបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកកម្ពុជា ដើម្បីពិនិត្យនិងព្យាបាលជម្ងឺជូនប្រជាជនកម្ពុជា នៅក្នុង «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខុមាលភាពប្រជាជន» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ មកម៉្លេះ ហើយកាលពីថ្ងៃទី១១-១៣ ខែសីហា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ១០៦នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅខេត្តកំពង់ធំ សរុបចំនួន ៤០៣០នាក់ ផងដែរ។

ឯកឧត្តម សួស យ៉ារ៉ា បានថ្លែងថា ចំណងមិត្តភាពនៃទំនាក់ទំនងកម្ពុជា និងកូរ៉េ ផ្សាភ្ជាប់យ៉ាងស្អិតរមួតតាំងពីកម្រិតមូលដ្ឋាន ហើយជាពិសេសវត្តមានរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ គឺពិតជាបានកសាងនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចំពោះកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា និងកូរ៉េ។

ឯកឧត្តមក៏បានរំលឹកផងដែរនូវ កិច្ចសហប្រតិបត្តិការរវាងខេត្តឃ្យុងសាង-ប៊ុកដូ និងកម្ពុជា គឺចាប់ផ្តើមតាំងពីពេលរៀបចំពិព័រណ៍ឃ្យុងយូ ឆ្នាំ២០០៦ នៅខេត្តសៀមរាប ដោយផ្អែកលើទំនាក់ទំនងប្រវត្តិសាស្ត្រនៃសម័យអង្គរ-ស៊ីឡា។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម សួស យ៉ារ៉ា ក្នុងនាមតំណាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក៏បានពាំនាំយកមេដាយមកបំពាក់ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ជាការថ្លែងអំណរគុណចំពោះការចូលរួមចំណែកដល់វិស័យសុខុមាលភាពមូលដ្ឋាននៅកម្ពុជា របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាង-ប៊ុកដូ ជាង១០ឆ្នាំ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនៃទស្សនកិច្ចនេះផងដែរ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចសិក្សាទៅកាន់សាកលវិទ្យាល័យយ៉ុងណាំ ដែលជាសាកលវិទ្យាល័យបង្កើតឡើងដោយ អតីតប្រធានាធិបតី ផាក ជុងហ៊ី ក្នុងការបណ្ដុះបណ្តាលនូវគំនិតផ្តួចផ្តើមចលនាភូមិថ្មី (Saemaul Undong) ដែលបានជំរុញដល់ការអភិវឌ្ឍជនបទ និងសេដ្ឋកិច្ចមូលដ្ឋានរបស់សាធារណរដ្ឋកូរ៉េ ក្រោយសង្គ្រាម។

គណៈប្រតិភូក៏បានជួបសម្តែងការគួរសមជាមួយនឹងលោកជំទាវ Lee Dal Hee អភិបាលរងខេត្តឃ្យុងសាង-ប៊ុកដូ នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ និង លោកស្រី Ryu Byung-sun ប្រធានសមាគមនៃការផ្លាស់ប្តូរកូរ៉េ-កម្ពុជា អន្តរជាតិ នៃខេត្តឃ្យុងសាង-ប៊ុកដូ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីសិក្សាអំពីកាលានុវត្តភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងលើកទឹកចិត្តការវិនិយោគនៅកម្ពុជា៕