នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លៀតដោះស្រាយកិច្ចការជាតិ ពេលកំពុងហោះទៅអាមេរិក


(ភ្នំពេញ)៖ កំលុងពេលកំពុងធ្វើដំណើរឆ្ពោះកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួម​មហា​សន្និបាតអង្គការសហប្រជាជាតិនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបភាពមួយសន្លឹក ជាមួយនឹងឯកសារលើតុមួយគំនរផងដែរ។

ជាមួយនឹងការបង្ហោះរូបភាពនេះ សម្តេចធិបតី បានសរសេរសំណេរថា «ចាប់ផ្តើមនៃការធ្វើដំណើរ​តាម​​យន្តហោះរយៈពេលជាង២០ម៉ោង ជាមួយនឹងឯកសារមួយគំនរ ដើម្បីទៅចូលរួមមហា​សន្និ​បាត​អង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក»

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងរដ្ឋសភាឱ្យកាន់តួនាទីជា​នា​យ​ក​​​រដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៧ បានរយៈពេលប្រមាណជាមួយខែហើយ។ ក្នុងតំណែង​កំ​ពូ​ល ជាអ្នកកាន់ចង្កូតនៃជោគវាសនាជាតិ និងប្រជាជនទូទាំងនគររយៈពេលប្រមាណមួយខែនេះ កាល​វិភាគការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប់គ្នាឱ្យរដឹក។​ តាមរយៈកាលវិភាគការងារ​នេះ បានស្តែងឱ្យឃើញពីភាពមមាញឹកក្នុងកិច្ចការដឹកនាំ គ្រប់គ្រង និងចាត់ចែងលើកិច្ចការជាតិ។

តាមរយៈរូបភាពឱបជាមួយឯកសារមួយគំនរ ហើយឆ្លៀតបំពេញពេលកំពុងធ្វើដំណើរលើយន្តហោះ ជាទិដ្ឋភាពមួយទៀត ស្តែងឱ្យឃើញពីឆន្ទៈ និងស្មារតីដ៏មុតមាំរបស់សម្តេចធិបតីក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។ សម្តេចធិបតី តែងតែមានប្រសាសន៍ថា សម្តេចមិនធ្វើឱ្យប្រជាពលរដ្ឋដែលជឿ​ទុកចិត្តលើបក្សប្រជាជនកម្ពុជា ជឿទុកចិត្តលើសម្តេចត្រូវខកបំណងនោះឡើយ។ ការប្រឹងប្រែងក្នុង​កិច្ចបម្រើជាតិ និងប្រជាជនរបស់សម្តេចធិបតី គឺជាក្តីសោមនស្សរីករាយដ៏ក្រៃលែងរបស់ប្រជា​ពល​រដ្ឋ ហើយកិច្ចប្រឹងប្រែងប្រកបភក្តីភាពរបស់សម្តេចធិបតី ច្បាស់ណាស់ថានឹងនាំមកនូវផ្លែផ្កាដ៏ល្អ​ប្រសើរសម្រាប់ជាតិ និងប្រជាជន។

សូមបញ្ជាក់ថា នៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជាឧត្តមភរិយា បានដឹកនាំគណៈប្រតិភូហោះទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨។

ពីកម្ពុជា ទៅកាន់ក្រុងញូវយ៉ក មានចម្ងាយជាង ១ម៉ឺន ៤ពាន់គីឡូម៉ែត្រ ហើយត្រូវចំណាយពេ​ល​ហោះជាង ២០ម៉ោង។ នេះគឺជាការធ្វើដំណើរដ៏វែងឆ្ងាយលើកដំបូង​របស់​សម្តេចធិបតី ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រីរបស់កម្ពុជា៕