ពលរដ្ឋខ្មែរអាមេរិកពេញចិត្តការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តវឌ្ឍនភាពក្នុងប្រទេស លើកស្ទួយកិត្យានុភាពជាតិឱ្យបន្តលេចធ្លោលើឆាកអន្តរជាតិ


ប្រជាពលរដ្ឋដើមកំណើតខ្មែរសញ្ជាតិអាម៉េរិកសុទ្ធតែបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តវឌ្ឍនភាពក្នុងប្រទេសឱ្យកាន់តែរីកចម្រើនបន្ថែម បង្រួបបង្រួមសាមគ្គីភាពប្រជាជាតិកម្ពុជាតែមួយ ពិសេសលើកស្ទួយកិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។

ការបញ្ជាក់របស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាម៉េរិកខាងលើនេះ ធ្វើឡើងក្នុងឱកាសដែលពួកគាត់ចូលរួមទទួលស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូយ៉ក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងចំណោមមនុស្សម្នាដ៏ច្រើនកុះករនោះ លោក យុន តុលា (Tola Yun) ជាពលរដ្ឋខ្មែរសញ្ជាតិអាម៉េរិក បានធ្វើដំណើរស្កាត់ពីរដ្ឋម៉ាសាឈូសេត (Massachusetts State) ដើម្បីមកទទួលស្វាគមន៍វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូ ជាមួយនឹងទឹកចិត្តនឹករឭកចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី។ លោក តុលា ក៏បានបង្ហាញការជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតី ក្នុងការបន្តនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពឱ្យកាន់តែរីកចម្រើនជឿនលឿនលើគ្រប់វិស័យបន្ថែមទៀត បន្តស្នាដៃកសាងសមិទ្ធផលពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ពិសេសគឺការបង្របបង្រួមប្រជាជាតិកម្ពុជាទាំងក្នុងនិងក្រៅប្រទេសឱ្យមានសាមគ្គីភាពកាន់តែរឹងមាំ ក្រោមស្មារតី «ខ្មែរតែមួយ»

លោកអ៊ំម្នាក់វ័យប្រហែល៥០ឆ្នាំដែលជាប្រជាពលរដ្ឋខ្មែរសញ្ជាតិអាម៉េរិកដែរនោះ ក៏មានក្ដីសោមនស្សរីករាយក្នុងការទទួលស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ លោកអ៊ំបញ្ជាក់ថា ការចូលរួមទទួលស្វាគមន៍នាពេលនេះ គឺជាការបង្ហាញភាពកក់ក្ដៅចំពោះវត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រតិភូមកពីកម្ពុជា ក្នុងឱកាសដែលសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើទឹកដៅសហរដ្ឋអាម៉េរិកនេះ។

ពលរដ្ឋដើមកំណើតខ្មែររូបនេះយល់ឃើញថា ប្រជាពលរដ្ឋគ្រប់គ្នាមានការពេញចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្ដេចធិបតី ខណៈដែលប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាម៉េរិកក៏មានការសាទរចំពោះការដឹកនាំរបស់សម្ដេចធិបតីផងដែរ ក្រោមក្ដីសង្ឃឹមថា មាតុភូមិកម្ពុជារបស់ខ្លួនទទួលបានមេដឹកនាំដ៏មានសមត្ថភាព និងបទពិសោធន៍ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកភាពសុខសាន្ត ការបង្រួបប្រួម សាមគ្គីភាព វឌ្ឍនភាព លើកស្ទួយកិត្យានុភាពជាតិ និងកាន់តែមានភាពជោគជ័យបន្តទៅមុខទៀត។

លោកអ៊ំបានថ្លែងយ៉ាងដូច្នេះថា «ផ្ដើមចេញពីសុខសន្តិភាពនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត មានឱកាសក្នុងការអភិវឌ្ឍប្រទេស»។ លោកអ៊ំក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសសូមរួមគ្នាបន្តការថែរក្សាសុខសន្តិភាព ហើយជឿជាក់លើការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃយើង។

ងាកមកយុវជនខ្មែរវ័យក្មេងម្នាក់ដែលរស់នៅសហរដ្ឋអាម៉េរិកដែរនោះ បានបង្ហាញចំណាប់អារម្មណ៍រីករាយក្នុងពេលត្រៀមចាំទទួលស្វាគមន៍វត្តមានសម្ដេចធិបតី ហ៊ុន ម៉ាណែ។ លោកបានបញ្ជាក់ថា «ប្រទេសកម្ពុជាថ្វីដ្បិតតូច ប្រជាជានតិច ប៉ុន្តែត្រូវបានបង្ហាញឈ្មោះ ស្មើសិទ្ធិស្មើភាពនឹងប្រទេសដទៃទៀត មានភាពល្បីល្បាញលើឆាកអន្តរជាតិ»

យុវជនខ្មែររូបនេះមានការពេញចិត្តចំពោះការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលជាទីជឿជាក់របស់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស តាមរយៈការមើលឃើញនូវរូបភាពខិតខំបំពេញការងាររបស់សម្ដេចធិបតី ពោរពេញដោយភាពរវល់មមាញឹកចំពោះកិច្ចការប្រទេសជាតិ និងប្រជាជន។

ប្រជាពលរដ្ឋខ្មែរដែលនៅរស់នៅសហអាម៉េរិកដទៃទៀត សុទ្ធតែបានផ្ញើសារជូនពរចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជា ដើម្បីបន្តវឌ្ឍនភាព សក្ដានុពលភាព កិត្យានុភាពជាតិកម្ពុជាឱ្យកាន់តែលេចធ្លោឡើងលើឆាកអន្តរជាតិ។

គួរជម្រាបថា គិតមកដល់ថ្ងៃទី២២ ខែកញ្ញានេះ មានរយៈពេល៣០ថ្ងៃគត់ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ ​នៃរដ្ឋសភា។ អំឡុងរយៈពេលនេះ រាជរដ្ឋាភិបាលថ្មីបានបង្ហាញនូវភាពសកម្មក្នុងការខិតខំអនុវត្តនូវកិច្ចការអភិវឌ្ឍប្រទេសជាតិ ចុះជួយប្រជាពលរដ្ឋ-កម្មករនិយោជិត តាមរយៈការដាក់ចេញកម្មវិធីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ការបំពេញការងារការទូតជាមួយដៃគូអន្តរជាតិ ការពង្រឹងពង្រីកទំនាក់ទំនងពាណិជ្ជកម្ម ស្វែងរកទីផ្សារលក់ផលិតផលទំនិញ ផលិតផលកសិកម្មជាដើម។ ការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ (UNGA 78) នៅទីក្រុងញូយ៉ក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញានេះ ក៏ជាការលើកស្ទួយកិត្យានុភាពជាតិឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ ពង្រឹងទំនាក់ទំនងជាមួយដទៃអន្តរជាតិជាដើម៕