ក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត


ក្រសួងបរិស្ថាន និងអង្គការមូលនិធិអាស៊ី បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំណល់រឹងនៅទីប្រជុំជន និងយន្តការសហគមន៍ស្អាត។

ការប្ដេជ្ញានេះធ្វើឡើងក្នុងឱកាស ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោកស្រី Meloney Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

លោកស្រីតំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី បានលើកឡើងថា សំណល់រឹងបានក្លាយជាក្តីបារម្ភ ហើយតាមរយៈកិច្ចសហប្រតិបត្តិការរវាងអង្គការមូលនិធិអាស៊ី ជាមួយក្រសួងបរិស្ថានកន្លងមក បានអនុវត្តទៅលើគម្រោងការសិក្សាស្រាវជ្រាវអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដោយបានបង្កើតនូវវិធីសាស្ត្រស្រាវជ្រាវដើម្បីចងក្រង ប្រមូល និងវិភាគលើទិន្នន័យ លិខិតបទដ្ឋានគតិយុត្តសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងសំរាម សំណល់រឹង។

ឆ្លើយតបនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ជាយុទ្ធសាស្រ្តចម្បងក្នុងដំណាក់កាលទី១របស់ក្រសួងបរិស្ថាន ជាអាទិ៍ក្រសួងបានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ»។ ការអនុវត្តគោលការណ៍ស្អាត ផ្តើមចេញពីសាលារៀន នាំឱ្យផ្ទះស្អាត សហគមន៍ស្អាតអាចទាក់ទាញទេសចរណ៍ឲ្យមកទស្សនា ជាពិសេសគឺការរៀបចំឱ្យមានធុងសំរាមសម្រាប់ទុកដាក់សំរាម ក៏ជាអាទិភាពសំខាន់ណាស់ដែរសម្រាប់គ្រប់គ្រងសំណល់រឹង។

លើសពីនេះ ក្រសួងនឹងរៀបចំឱ្យមានម៉ាស៊ីន ផលិតទឹកស្អាត ផ្តល់ជូនទៅតាមសហគមន៍ និងសាលារៀនសម្រាប់ប្រើប្រាស់ ដើម្បីកាត់បន្ថយការប្រើដបប្លាស្ទិក ពីព្រោះថាប្រសិនជាយើងផ្តល់ដបទឹកបរិស្ថានជូនបានចំនួនតិចតួច តែបើមានទឹកស្អាតគាត់អាចយកដបទៅច្រកទឹកយកមកប្រើប្រាស់បាន។

ជាមួយគ្នានេះដែរ ការប្រែប្រួលឥរិយាបទ ឬទម្លាប់របស់សហគមន៍ ក៏ជាយុទ្ធសាស្រ្តជោគជ័យមួយដែលមិនអាចមើលរំលងបានផងដែរ ក្នុងការគ្រប់គ្រងសំណល់រឹង។ ដើម្បីឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់អវិជ្ជមានទៅវិជ្ជមាន លុះត្រាណាតែមានដំណោះស្រាយផ្នែកជីវភាពជូនប្រជាពលរដ្ឋ ជាក់ស្តែងក្នុងជំហានទី១នេះ ក្រសួងបានអប់រំឱ្យប្រជាសហគមន៍ ដែលធ្លាប់ចូលព្រៃកាប់ឈើ ងាកមកដាំដំណាំហូបផ្លែ ឬផ្តល់សេវាកម្មនាំភ្ញៀវទេសចរក្នុងតំបន់ការពារធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍៕