ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន៖ កម្មវិធី «iYunnan» រួមចំណែកផ្លាស់ប្តូរវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកម្ពុជា-ចិន


ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កម្មវិធី «iYunna ដើរមកកាន់ប្រទេសកម្ពុជា» ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូតចិនកម្ពុជា បានរួមចំណែកផ្លាស់ប្ដូរវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជនប្រទេសទាំងពីរ កម្ពុជា-ចិន។

ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាធិបតី ពិធីប្រកាសលទ្ធផលនៃកម្មវិធី «iYunna» ដើរមកកាន់ប្រទេសកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងនៅរាជ្យបណ្ឌិតសភាកម្ពុជា ដែលមានការចូលរួមពី លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជាចិន, លោក ឆាង ចៀន ទទួលបន្ទុកកិច្ចការអគ្គរដ្ឋទូតប្រទេសចិនប្រចាំកម្ពុជា និងលោកស្រី ហ្សឺង យាន សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សកម្មុយនីស្តខេត្តយូណាន។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ឆ្នាំនេះនេះគឺជាខួបលើកទី៦៥ នៃចំណងមិត្តភាពទ្វេភាគីរវាងចិន និងកម្ពុជា សូមឲ្យមិត្តភាព ភាតរភាព និងប្រជាជនយើងទាំងពីររស់រានជាអមតៈ។ ក្នុងយុគសម័យថ្មី ទំនាក់ទំនងរបស់ប្រទេសទាំងពីរបានក្លាយជា «មិត្តភាពដែក» ដែលមិនអាចបំបែកបាន និងកាន់តែស្អិតរមួតពីមួយជំនាន់ទៅមួយជំនាន់។ ឯកឧត្តមជឿទុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃប្រមុខរដ្ឋាភិបាលទាំងពីរ ចំណងមិត្តភាពរបស់យើងកាន់តែត្រចះត្រចង់។

ឯកឧត្តមបន្ថែមទៀតថា សម្តេចធិបតី ហ៊ុន ម៉ាណែត ទើបតែបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសចិនថ្មីៗនេះ ក្រោយទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាឲ្យដឹកនាំរាជរដ្ឋាភិបាល។ ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនេះ ជាការបញ្ជាក់យ៉ាងច្បាស់អំពីការបន្តរក្សាជំហរពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងការប្រកាន់ជំហរគោលនយោបាយចិនតែមួយ។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន, ចិន និងកម្ពុជា ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីវិបុលភាព សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្ពោះទៅការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី និងលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាគំរូថ្មីមួយ សម្រាប់ប្រទេសដទៃ។

លោកស្រី ហ្សឺង យាន បានលើកឡើងថា កម្មវិធី «iYunnan» បានដើរចេញពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ហើយទទួលបានការឆ្លើយតបយ៉ាងសាទរ និងមានការចូលរួមយ៉ាងសកម្មពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា។ ស្នាដៃនៃការប្រកួតក្នុងកម្មវិធីនេះ បានធ្វើឲ្យមនុស្សម្នាមានអារម្មណ៍ចង់ទស្សនា និងមានការស្រឡាញ់ខ្លាំងចំពោះយូណាន នៃប្រទេសចិន ហើយបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា-ចិន និងប្រជាជនកម្ពុជា-យូណាន។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ទាំងខេត្តយូណាន និងប្រទេសកម្ពុជា នឹងរួមគ្នាបង្កើតវេទិកាផ្លាស់ប្តូរបន្ថែមទៀត ដូចជាកម្មវិធី «iYunnan» ប្រាប់ពីដំណើររឿងរ៉ាវនៃការគាំទ្រគ្នាទៅវិញទៅមក និងការចែករំលែកភាពសុខដុមរមនារវាងប្រជាជនទាំងពីរ លើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រគ្នាទៅវិញទៅមក លើផ្នែកអរិយធម៌ និងបន្តរួមចំណែកដល់ ការសាងសង់ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ គុណភាពខ្ពស់ និងបង្កើតភាពភ្លឺស្វាងដល់សហគមន៍កម្ពុជា-ចិន ជាមួយអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល បានគូសបញ្ជាក់ថា កម្ពុជា និងចិន គឺជាអ្នកជិតខាងល្អ និងជាមិត្តពិត ដែលស្គាល់គ្នាច្បាស់។ ខេត្តយូណាន ជាប់នឹងប្រទេសអាស៊ាន រួមទាំងកម្ពុជា និងមានប្រវត្តិមិត្តភាពប្រជាជន និងប្រជាជនជាយូរលង់ណាស់មកហើយ។ កម្មវិធី «iYunnan» ដើរមកកាន់ប្រទេសកម្ពុជា បានពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងចិនបន្ថែមទៀត។

ឯកឧត្តមបន្ដថា ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរ បានបញ្ចូលភាពរឹងមាំថ្មី ទៅក្នុងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំងពីរ។ អនាគតនៃមិត្តភាពកម្ពុជា-ចិន គឺអាស្រ័យទៅលើយុវជនជំនាន់ក្រោយ។ លោកសង្ឃឹមថា កម្ពុជា និងខេត្តយូណាន នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ធ្វើការរួមគ្នា ដើម្បីបង្កើតអនាគតដ៏ល្អប្រសើរ និងបន្តទំនាក់ទំនងមិត្តភាពរវាងកម្ពុជា ចិន និងខេត្តយូណាន ទៅកាន់យុវជនជំនាន់ក្រោយ។

ក្នុងកម្មវិធីនេះផងដែរ ក៏បានប្រារព្ធពិធីសម្ពោធ «បណ្ណាល័យមិត្តភាពផ្លូវសូត្រ» របស់កម្ពុជា និងព្រឹត្តិការណ៍ដកពិសោធន៍ «ទៅកន្លែងទាក់ទាញចិត្ត-ក្រុងDali»។ ភ្ញៀវកិត្តិយសកម្ពុជា និងចិន មកពីគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ក្រោមបរិយាកាសមានភាពកក់ក្តៅ ស្វែងយល់ពីប្រវត្តិសាស្រ្ត និងវប្បធម៌ចិន និងទទួលបានបទពិសោធន៍ពីភាពស្រស់ស្អាតនៃទីក្រុង Dali យ៉ាងពិតប្រាកដ៕