ឯកឧត្តម ហ៊ុន ម៉ានី៖ សមាជិក ស.ស.យ.ក ជាចំណែកអនុវត្តយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មី


នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាតាមបណ្ដាវិស័យ និងរចនាសម្ព័ន្ធចំណុះ ស.ស.យ.ក. រាជធានីភ្នំពេញ នៅសាលពហុបំណង អាគារខេមរានី ទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា តាមបណ្ដាវិស័យទាំង៣៣ និងសមាជិកចំណុះក្រោម ស.ស.យ.ក. រាជធានីភ្នំពេញសរុបប្រមាណ៤០០នាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា កន្លងមកសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងប្រទេស បានលះបង់កម្លាំងកាយចិត្ត បំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសំខាន់ លើកិច្ចការសង្គម ការអប់រំ វប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី ក៏ដូចជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមជាយុវជនជំនាន់ក្រោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ហើយក្ដាប់ឲ្យបាននូវស្ថានភាពប្រវត្តិសាស្រ្ត រៀនសូត្រពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងហ្វឹកហាត់សមត្ថភាពខ្លួនជាប្រចាំ ដើម្បីគាំទ្រដល់ចក្ខុវិស័យ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ នាពេលអនាគត។

នាឱកាសនោះ ឯកឧត្តមបានផ្ដាំផ្ញើឲ្យរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ ស.ស.យ.ក. រួមទាំងសមាជិក សមាជិកាទាំងអស់ បន្តយកចិត្តទុកដាក់ និងសិក្សាពីវិធីសាស្ត្រ ក៏ដូចជាគំរូដឹកនាំរបស់ថ្នាក់ដឹកនាំរបស់ ស.ស.យ.ក. ជំនាន់មុន ដើម្បីអាចក្ដាប់បានស្ថានការណ៍ដឹកនាំ ហ្វឹកហាត់សមត្ថភាព និងចូលរួមចំណែកឲ្យបានគ្រប់ជ្រុងជ្រោយ គាំទ្រទាំងផ្នែកស្មារតី និងសកម្មភាព ក្នុងការអនុវត្ត ជាមួយរាជរដ្ឋាភិបាល ដើម្បីបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន។

មុននឹងបញ្ចប់ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចអំពីការប្រារព្ធខួប៤៥ ឆ្នាំនៃកំណើត ស.ស.យ.ក. ដែលនឹងឈានមកដល់នាពេលខាងមុខ ព្រមទាំងអំពាវនាវដល់សមាជិក សមាជិកា ទាំងអស់ឲ្យចូលរួមផ្សព្វផ្សាយ និងចែករំលែកឲ្យបានទូលំទូលាយ ដើម្បីបង្ហាញថា ស.ស.យ.ក. មិនត្រឹមតែជាអង្គការចាត់តាំង និងបម្រើផលប្រយោជន៍ជូនសង្គមជាតិនោះទេ ប៉ុន្តែស.ស.យ.ក. នៅគ្រប់កាលៈទេសៈ និងគ្រប់បរិបទក្រោយការរំដោះកម្ពុជា ហើយគឺជាសាក្សីរស់ នៃការវិវត្តសង្គមជាតិពីមួយដំណាក់កាល ទៅមួយដំណាក់កាលរបស់ព្រះរាជាណាចក្រកម្ពុជាទី២៕