អភិបាលខេត្តកំពង់ចាម ចាត់ឲ្យមន្ត្រីជំនាញសិក្សាចំណុចច្រាំងទន្លេសំខាន់ៗ ក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ដើម្បីលើកគម្រោងស្ថាបនា និងការពារការបាក់ច្រាំងបន្តទៀត


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យ ច្រាំងទន្លេ ដែលបានបាក់ស្រុត ក្នុងភូមិសាស្ត្រស្រុកកោះសូទិន និង ស្រុកស្រីសន្ធរ។

ក្រោយពីបានចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានបើកការប្រជុំ និងបានចាត់ឲ្យមន្ត្រីជំនាញ ចាប់ផ្តើមធ្វើការសិក្សា លើច្រាំងទន្លេដែលបានបាក់ ដើម្បីរៀបចំគម្រោង ធ្វើការស្ថាបនា ទប់ស្កាត់ការបាក់ច្រាំងទន្លេនៅតំបន់ ទាំងនោះទៀត។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា «យើងត្រូវសិក្សាមើលថា តើគួរស្ថាបនាច្រាំងទន្លេ នៅចំណុចណាមុន ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ចំណុចដែលមានបញ្ហាប្រឈម គឺនៅក្នុងភូមិជីហែ ឃុំជីហែ ស្រុកកោះសូទិន មានប្រវែង ២៥០ម៉ែត្រ គឺជាចំណុចអាទិភាពទីមួយ ដែលត្រូវសិក្សាមុនគេ»។

ដោយឡែកនៅក្នុងស្រុកស្រីសន្ធរ មានច្រាំងបាក់ប្រឈម២កន្លែង។ ប៉ុន្តែពីរកន្លែងនេះ ត្រូវសិក្សានៅចំណុចឃុំមានជ័យមុន ជាកញ្ចប់អតិភាពទី២ ដោយសារពាក់ព័ន្ធ និងផ្លូវគមនាគមន៍ ពោលប្រសិនបើ ចង់បាក់ដាច់កន្លែងនោះ គឺវាកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនងក្នុងស្រុកស្រីសន្ធរ ទាំងមូលតែម្ដង។ ចំពោះនៅចំណុចឃុំកោះអណ្ដែត ក្នុងស្រុកស្រីសន្ធរដែរ គឺជាកញ្ចប់អាទិភាពទី៣។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា គម្រោងស្ថាបនា ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេនេះ គឺត្រូវប្រើបាវ ច្រកខ្សាច់ ដោយសារធ្វើវិធីនេះ ចំណាយលុយតិច មានគុណភាពដូចប្រើថ្ម ឬចាក់បេតុងដែរ គ្រាន់តែមិនសូវស្អាត។

ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងថា ចំពោះពេលវេលាស្ថាបនា បន្ទាប់ពីការសិក្សានិងលើគម្រោង នៃច្រាំងទន្លេ ជាតំបន់ ដែលប្រឈមដូចខាងលើ អាចចាប់ផ្ដើមស្ថាបនានៅដើមឆ្នាំ២០២៤៕