សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ ដើម្បីសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ លើទីផ្សារអន្តរជាតិ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីមួយ ដោយអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។

សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងពេលដែលសម្តេច និងគណៈប្រតិភូ ចុះពិនិត្យតាមស្តង់ពិព័រណ៍លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិព័រណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ សម្តេចបានជួបជាមួយប្អូនស្រីម្នាក់ ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រី បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែម ដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។

សម្តេចធិបតីបន្ថែមថា «ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀត នៅកម្ពុជាដែលខ្ញុំបានទទួល ខ្ញុំបានប្រគល់ភារកិច្ចជូន អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំ រវាងស្ថាប័នពាក់ព័ន្ធដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាមួយនិងសមាគមថ្មក្រានីតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង។

ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ»៕