សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំអាជ្ញាធររៀបចំទិវាមនុស្សចាស់១តុលា ឱ្យអធិកអធម


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងអង្គការដៃគូពាក់ព័ន្ធរួមគ្នាប្រារព្ធទិវាមនុស្សចាស់ជាតិ និងមនុស្សចាស់អន្តរជាតិ​នាថ្ងៃ​ទី១ ខែតុលា ឱ្យបានអធិកអធម ដើម្បីគូសរំលេចពីគុណតម្លៃ និងគុណូបការៈរបស់មនុស្សចាស់នៅក្នុងសង្គម​ខ្មែរ។

ក្នុងសារាចរណែនាំពីការរៀបចំទិវាមនុស្សចាស់ដែល Fresh News ទទួលបាននាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវា​មនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានគោលបំណងលើកកម្ពស់កិច្ចគាំពារ​ដ៏មានប្រសិទ្ធ​ភាព​សំដៅលើកស្ទួយសុខុមាល​ភាពរបស់​មនុស្សវ័យចាស់ ឱ្យកាន់តែប្រសើរឡើង ហើយទិវានេះ ក៏បង្ហាញឱ្យឃើញ​ពីតួនាទីដ៏សំខាន់​របស់​មនុស្ស​វ័យចាស់ បុព្វការីជនដែល បានបង្កើតធនធានដ៏មានសារប្រយោជន៍​ព្រមទាំង​ផ្តល់​នូវចំណេះ​ដឹង​ចំណេះ​ធ្វើ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្ស​ជំនាន់​ក្រោយ។

សម្តេចធិបតីបន្តថា រាជរដ្ឋាភិបាលចាត់ទុកទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យ​រំលឹកដល់គុណូប​ការៈ របស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុំ ពូ មីង ដែលបាន​កសាង និងបន្សល់​ទុក​នូវកេរមរតកដ៏ ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យបានទូលំ​ទូលាយ និងផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំពីការរៀបចំទិវានេះដូចខាងក្រោម៖

១៖ ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ត្រូវបានកំណត់ថា «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»។

២៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវ សហការជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ឱ្យបានអធិកអធម។

៣៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះ​សង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានចូលរួមចំណែកតាម​គន្លងប្រក្រតី​ភាពថ្មី ដើម្បីបង្កើនការយល់ដឹង ឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយជាតិ​ស្ដីពីមនុស្សវ័យ​ចាស់២០១៧-២០៣០។

៤៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត
នៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនការដែលបានកំណត់ ឈរ​លើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ។ ជាពិសេសយក​ចិត្តទុកដាក់ជួយ​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការអន្តរ​ជាតិ សូមបន្តជួយគាំទ ដល់កម្មវិធីអភិវឌ្ឍសមាគមមនុស្សចាស់ដែលមានស្រាប់។

៥៖ ដោយអនុលោមតាមវិធានការសុខាភិបាល គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចុះ សំណេះ​សំណាលជាមួយមនុស្សវ័យចាស់ ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាម​មូលដ្ឋាន វត្តអារាម វិហារសាសនា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ។ល។

៦៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើសេចក្ដីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ជំរុញចលនា សិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោង​សិក្សា​ចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។

៧៖ ក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំចលនានៅតាមវត្តអារាម វិហារសាសនា​ទូទាំង​ប្រទេសតាម​រយៈ បព្វជិតសាសនា ដៃគូអភិវឌ្ឍ សប្បុរសជននានា និងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយ​ឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយ​ជាតិស្តីពីមនុស្ស វ័យចាស់ ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្ត​លក់​ស្ងប់អារម្មណ៍ និង អាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗ​ទៀតជា​បន្ត​បន្ទាប់។

៨៖ ក្រសួងព័ត៌មានត្រូវណែនាំបណ្ដាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ
នូវ​ខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣​។

៩៖ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈតាមខ្លឹមសារ
ដូច​តទៅ៖
– ជយោ! ព្រះរាជាណាចក្រកម្ពុជា
– អបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា
– មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ
– គោរពដឹងគុណចំពោះមនុស្សវ័យចាស់ គឺជាកតញ្ញូតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន
– កសាង​សង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ ចូលរួមគាំទ្រថែទាំ​សុខុមាល​ភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាព មនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា។
– ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា

១០៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និង​គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ត្រូវធ្វើការណែនាំអនុវត្តតាមសារាចរនេះ និងបូកសរុប លទ្ធផលការងារជូនរាជរដ្ឋាភិបាល៕