អភិបាលខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំក្រោមឱវាទ កាន់បិណ្ឌវេនទី២ នៅវត្តជ័យឧត្តង្គ ក្រុងកំពត


ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត រួមទាំងសមាជិក សមាជិកាសាខាសមាគមនារីកម្ពុជា ព្រមទាំងជួរថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ បានចូលរួមសូត្រមន្ត កាន់បិណ្ឌវេនទី២ នៅវត្តជ័យឧត្តង្គ ហៅវត្តកំពង់បាយ នៃក្រុងកំពត ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់អ្នកមានគុណទាំងឡាយ រួមមាន មាតា បិតា ជីដូនជីតា និងញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយនោះ។

លោកគ្រូអាចារ្យវត្ត បានលើកឡើងថា ការមកចូលរួមកាន់បិណ្ឌនេះ គឺដើម្បីបង្អោនចិត្ត គោរពដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់ជីដូនជីតា ឱពុកម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅហើយ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផង។ តាមរយៈពិធីបុណ្យនេះ ក៏ដើម្បីឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ទទួលនូវពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធ ដើម្បីឲ្យស្គាល់បាបបុណ្យគុណទោស និងខិតខំសាងតែអំពើល្អនៅក្នុងដំណើរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ជាពិធីមួយសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា តាំងពីបុរមបុរាណមក ដើម្បីផ្តល់ឱកាសឲ្យកូនចៅដែលនៅរស់អាចឧទ្ទិសមគ្គផលកុសលបុណ្យជូនដល់ បុព្វការីជនដែលបានចែកស្ថានទៅកាន់លោកខាងមុខ នឹងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផង ពោលគឺជឿលើកម្មផល បុណ្យ និងបាបជាដើម។

ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន បាននាំយកចង្ហាន់ ទេយ្យទានរួមមាន អង្ករ ១បាវ, ត្រីខ៥យូរ, ទៀន៥គីឡូ, ស្ករស៥គីឡូ, តែ៥កញ្ចប់, ទឹកសុទ្ធ៥កេស, ទឹកផ្លែឈើ៥កេស និងបច្ច័យមួយចំនួន វេរប្រគេនជូនជូនដល់ព្រះសង្ឃគង់នៅវត្តពិជ័យឧត្តង្គ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត៕