ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានណែនាំ និងលើកទឹកចិត្ត ដល់មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីផ្តល់សេវាផ្សេងៗ ត្រូវមានសីលធម៌ គុណធម៌ល្អ ចំពោះអ្នកមកទទួលសេវា ហើយត្រូវមានមនសិការគិតថា អ្នកដែលមកទទួលសេវា គឺជាគ្រួសារ ពូជពង្សរបស់យើងទាំងអស់គ្នា ដូច្នេះហើយត្រូវចេះទទួលរាក់ទាក់ និងជួយការងាររបស់គាត់ឱ្យបានឆាប់រហ័សប្រកបដោយភាពថ្លៃថ្នូរ។
ការណែនាំបែបនេះ របស់ឯកឧត្តម ម៉ៅ ធនិន បានធ្វើឡើងក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកំពត។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ត្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវចេះគិតគូរអំពីសុខទុក្ខ របស់មន្ត្រីក្នុងមន្ទីរអង្គភាពរបស់ខ្លួន ពិសេសត្រូវមានរបស់របរសម្ភារៈលើកទឹកចិត្ត នៅក្នុងឱកាសបុណ្យប្រពៃណីជាតិសំខាន់ៗ មានដូចជាបុណ្យចូលឆ្នាំថ្មី និងបុណ្យភ្ជុំបិណ្ឌជាដើម។
ឯកឧត្តម ម៉ៅ ធនិន ក៏បានបញ្ជាក់ដែរថា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ លោក នឹងដឹកនាំ មន្ត្រី កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ បន្តចុះជួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាល ឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ទូទាំងខេត្ត ដោយនាំទៅជាមួយនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនផងដែរ៕