សម្តេចតេជោ ហ៊ុន សែន អបអរសាទរជូនកម្មករ-កម្មការិនី ដែលទទួលបានការដំឡើងប្រាក់ឈ្នួល ឆ្នាំ២០២៤, បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារ


សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារអបអរសាទរជូនដល់ កម្មករ និយោជិត ដែលទទួលបានការដំឡើងប្រាក់ឈ្នួល នៅឆ្នាំក្រោយនេះ ទោះបីជាសភាពការណ៍សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «នៅក្នុងសភាពការណ៍ដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមជាមួយនឹងការធ្លាក់ចុះ។ ការដំឡើងបានបៀវត្សរ៍ជូន កម្មករ-កម្មការិនី គឺជារឿងល្អ តែអ្វីដែលសំខាន់ជាងទៀត នៅក្នុងពេលវេលាដ៏លំបាកនេះ គឺត្រូវខិតខំរក្សាការងារធ្វើផង និងបង្កើតការងារថ្មីផង។

ខ្ញុំសូមអបអរសាទរជាមួយរាជរដ្ឋាភិបាល កម្មករ-កម្មការិនី ក៏ដូចជាស្ថាប័នពាក់ព័ន្ធដែលរក្សាបាននូវចំណុចសំខាន់៣គឺ៖ ទី១៖ ដំឡើងបានបៀវត្សទោះច្រើនក្តីតិចក្តី ទី២៖ រក្សាបានការងារធ្វើ ទី៣៖ បង្កើតបានការងារថ្មី។ បៀវត្សរ៍ឡើងបានតិចប្រសើរជាងបាត់បង់ការងារធ្វើ ដែលនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ បានសម្រេចដំឡើងឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និងវាយនភណ្ឌ ដល់ចំនួន២០៤ ដុល្លារ នៅឆ្នាំ២០២៤ ខាងមុខនេះ ដែលប្រាក់ឈ្នួលនេះ បានកើនឡើង៤ដុល្លារបើធៀបនឹងឆ្នាំ២០២៣។ កម្មករនិយោជិតជាច្រើន បានសម្តែងនូវការសប្បាយរីករាយការដំឡើងប្រាក់ឈ្នួលនេះ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល បានខិតខំសម្របសម្រួលរហូតមានការដំឡើង ក្នុងខណៈដែលសេដ្ឋកិច្ចពិភពលោក ជួបការលំបាកផងដែរ៕