សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំង តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូត?


សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចោទសួរទៅក្រុមប្រឆាំង ដែលទាមទារឱ្យមានការសន្ទនាថា តើឱ្យប្រើវប្បធម៌សន្ទនាបែបណា បើជេរសម្តេចរហូតបែបនេះ?

សម្តេចធិបតី បានលើកឡើងថា អំឡុងសម្តេចទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ មានក្រុមប្រឆាំងជ្រុលនិយម បានលើកគ្នាធ្វើបាតុកម្ម ជេរប្រមាថសម្តេច ប៉ុន្តែក្រោយពីពួកគេជេរចប់ ពួកគេស្នើឱ្យមានវប្បធម៌ស​ន្ទនាមួយ។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី បានបញ្ជាក់ដូច្នេះថា៖ «ឥឡូវសន្ទនាយ៉ាងម៉េច បើជេររហូត ដាក់បណ្តាសារខ្ញុំរហូត “ហ៊ុន ម៉ាណែត មិនព្រមសន្ទនាយ៉ាងខ្មែរដូចគ្នា” ប៉ុន្តែនិយាយបានតែប៉ុន្មានម៉ាត់ មិនបានមួយនាទីផង ក៏ជេរខ្ញុំរាប់ម៉ោង»

សម្តេចធិបតី បានលើកឡើងទៀតថា រឿងវប្បធម៌សន្ទនាអាចធ្វើទៅបាន លុះត្រាតែភាគីទាំងអស់ឯកភាពគ្នា ហើយយល់គ្នា។ សម្តេចបញ្ជាក់ថា «កុំជេរគ្នាហើយមកបបួលត្រូវគ្នា មិនត្រូវជាមួយទេ ជេរឯងកប់ៗមាត់ ហើយមកបបួលត្រូវគ្នា អត់ត្រូវទេ»

សម្តេចបានរំលឹកថា វប្បធម៌សន្ទនានេះ សម្តេចតេជោ ធ្លាប់បានរៀបចំម្តងហើយ ជាមួយអតីតគណបក្សសង្រ្គោះជាតិ កាលពីអាណត្តិទី៥។ សម្តេចបានបញ្ជាក់ថា ពេលនោះ បន្ទាប់ពីល្អជាមួយគ្នាបានមួយរយៈ លោក សម រង្ស៉ី ចេញទៅប្រទេសបារាំង ក៏បានជេរសម្តេចកប់ៗមាត់តែម្តង។

សម្តេចបានបន្ថែមទៀតថា «ឥឡូវកូនចៅគាត់ដូចគ្នា ថាកាលមុនចុះគាត់ឈ្លោះជាមួយឪពុកខ្ញុំ ឥឡូវមកដល់ជំនា​ន់កូនហើយ នៅប្រើវប្បធម៌ហ្នឹងទៀត ដៃម្ខាងស្រែកថាចង់សន្ទនា តែពេលជាមួយគ្នាហ្នឹង ជេរខ្ញុំកប់មាត់រាល់ពេល តើសន្ទនាធ្វើស្អីឥឡូវ តើសុឆន្ទៈ និងភាពស្មោះត្រង់នៅកន្លែងណា មេគាត់ចាស់សន្ទនាហើយបានជេរ តែគាត់ក្រោយនេះជេរហើយបានបបួលសន្ទនា»