ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា ចាត់តំណាងចុះសួរសុខទុក្ខ និងនាំអំណោយប្រគល់ជូនកងកម្លាំងនគរបាលព្រំដែន កំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ


ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ចុះត្រួតពិនិត្យសភាពការណ៍ ស្វែងយល់ការលំបាក បញ្ហាប្រឈម និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលព្រំដែន ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅទីបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម សំរិទ្ធ ឌី បាននាំយកមកអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រគល់ជូននាយកដ្ឋាននគរបាលការពារព្រំដែនគោក រួមមាន៖ ថវិកា ៥៤លានរៀល, មី ១១១កេសធំ, ត្រីខ ៥៤កេសធំ, ទឹកក្រូច ១៣១កេស, ស្រាបៀ ២៦៧កេស ដើម្បីលើកទឹកចិត្តដល់កងកម្លាំងផងដែរ៕