ថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានកាន់បិណ្ឌវេនទី៤ នៅវត្តចំនួន២ ក្នុងក្រុងកំពង់ចាម


នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្ត និងលោកជំទាវ ញូង ចរិយា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមទាំងសមាជិក សមាជិកា និងថ្នាក់ដឹកនាំមន្ត្រីរាជការជាច្រើនរូប បានចូលរួមសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តខេមវ័ន្តបឹងស្នាយ និងវត្តបុទ្រទុំរតនៈដីដុះ ក្នុងក្រុងកំពង់ចាម ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់អ្នកមានគុណទាំងឡាយ ដែលបានចែកឋានទៅហើយនោះ។

លោកតាអាចារ្យ បានលើកឡើងថា ការមកចូលរួមកាន់បិណ្ឌនេះ គឺដើម្បីបង្អោនចិត្ត គោរពដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់ជីដូនជីតា ឪពុកម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅហើយ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តី ដែលកើតពីផលទានរបស់ខ្លួនផង។ ពិធីបុណ្យនេះដែរ ក៏ដើម្បីឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ទទួលនូវពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធ ដើម្បីឲ្យស្គាល់បាប បុណ្យ គុណ ទោស និងខិតខំសាងអំពើល្អ នៅក្នុងដំណើរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

លោកអាចារ្យឲ្យដឹងទៀតថា ពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ជាពិធីមួយសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា តាំងពីបុរមបុរាណមក ដើម្បីផ្តល់ឱកាសឲ្យកូនចៅដែលនៅរស់ អាចឧទ្ទិសមគ្គផលកុសលបុណ្យ ជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ នឹងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួនផង ពោលគឺជឿលើកម្មផល បុណ្យ និងបាបជាដើម។

សូមបញ្ជាក់ថា ទេយ្យទានដែលបាននាំយកប្រគេនព្រះសង្ឃទាំងពីរវត្តនោះ ក្នុងមួយវត្ត ៗ រួមមាន អង្ករ ១៥០គីឡូក្រាម, មី ១០ កេសតូច, ទឹកដោះគោខាប់ ២កេសធំ, ត្រីខ ១២យូរ, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកត្រី 5៥យួរ , ទឹកសុទ្ធ ៧កេស, ទឹកក្រូច ៥កេស, តែ ៥គីឡូ,ស្ករស ៥គីឡូ និងបច្ច័យជាង ៣លានរៀល៕