រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យលើកស្ទួយជីវភាពប្រជាសហគមន៍ ដើម្បីឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រាប់ទៅមន្រ្តីរាជការក្រោមឱវាទថា ការជំរុញ និងលើកស្ទួយជីវភាពប្រជាសហគមន៍ គឺជាកត្តាចម្បងឈានឆ្ពោះទៅកាន់ចក្ខុវិស័យប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់។

ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នាថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមទៀតថា នៅក្នុងការងារអាទិភាពរបស់ក្រសួង កត្តាជីវភាពសហគមន៍ គឺចំណុចស្នូលនៃយុទ្ធសាស្រ្តចក្រា ហើយយុទ្ធសាស្រ្តនេះទៀតសោត គឺបានបំបែកចេញពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្រ្តនេះ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ត្រូវតែធ្វើការរួបរួមគ្នារវាងនាយកដ្ឋានមួយទៅនាយកដ្ឋានមួយទៀត និងជួយមើល ជួយតាមដានឱ្យជាប់ ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញការងារអាទិភាពលើការលើកកម្ពស់ជីវភាពសហគមន៍ និងការធ្វើកសិកម្ម ជំរុញអព្យាក្រឹត្យកាបូន និងពង្រឹងគុណភាពតាមរយៈបង្កើនសមត្ថភាពសហគមន៍។

គួរជម្រាបជូនថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានមាននាយកដ្ឋាន៤ ស្ថិតក្រោមចំណុះ ដែលរួមមាន៖ នាយកដ្ឋានជីវភាពសហគមន៍ នាយកដ្ឋានទេសចរណ៍ធម្មជាតិ នាយកដ្ឋានបេតិកភ័ណធម្មជាតិ និងនាយកដ្ឋានរដ្ឋបាល៕