សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដោយយកបៀវត្សសរុបគុណ៧០ភាគរយ, ទទួលបានរង្វង់មួយលានរៀល ក្នុងមួយខែ


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដែលបានប្រឡងជាប់ហើយកំពុងសិក្សា ដោយយកបៀវត្សសរុប គុណ៧០ភាគរយ ហើយអាចទទួលបានក្នុងរង្វង់មួយលានរៀល ឬអាចលើសមួយលានរៀល អាស្រ័យទៅលើកម្រិតរបស់គ្រូម្នាក់ៗ។

ការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦។ ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្សយកបៀវត្សសរុបគុណ៧០ភាគរយតែម្ដង។ កម្រិត «ក» នៅឆ្នាំ២០២៣ ទទួលបាន ៦០៣,០០០រៀល នឹងទទួលបានជាង ១,១៧០,០០០រៀល នៅឆ្នាំ២០២៤។ កម្រិត «ខ» នៅឆ្នាំ២០២៣ ទទួលបាន ៥៦២,០០០រៀល នឹងទទួលបានជាង ១,១០០,០០០រៀល នៅឆ្នាំ២០២៤។ កម្រិត «គ» នៅឆ្នាំ២០២៣ ទទួលបាន ៥៣០,០០០រៀល នឹងទទួលបាន ៩៨០,០០០រៀល នៅឆ្នាំ២០២៤»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា សម្រាប់ក្របខ័ណ្ឌគ្រូបង្រៀននេះ នៅពេលប្រឡងជាប់ក្លាយជាគរុសិស្សមិនទាន់ទទួលបានបៀវត្សនោះទេ ពោលគ្រាន់តែទទួលបាននូវប្រាក់ឧបត្ថម្ភ ឬហៅថា អាហារូបករណ៍ ដែលកន្លងទៅទទួលបានចន្លោះ ៤ម៉ឺន ទៅ៨ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្ដែក្រោយមករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានដំឡើងជាបន្ដបន្ទាប់លើកកម្ពស់កម្រិតជីវភាព។

តាមរយៈការដំឡើងប្រាក់ឧបត្ថម្ភនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ជាការវិនិយោគបង្កើតធនធានមនុស្សសម្រាប់ជាតិ សំដៅពង្រឹងគុណភាពអប់រំដោយផ្ដើមចេញពីគ្រូបង្រៀនផ្ទាល់តែម្ដង។ ដោយឡែក សម្រាប់មន្ដ្រីរាជការក្រសួងផ្សេង ដែលប្រឡងជាប់ក្របខ័ណ្ឌហើយក្លាយជាកម្មសិក្សាការី មួយឆ្នាំដំបូងមិនទាន់តាំងស៊ុបនោះ ដើមឡើយមិនទាន់ទទួលបានប្រាក់បៀវត្សនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះគ្រាន់តែប្រឡងជាប់ភ្លាម គឺទទួលបានប្រាក់បៀវត្សពេញតែម្ដង។

គួរជម្រាបថា តាមរយៈការដំឡើងប្រាក់ឧបត្ថម្ភបន្ថែមដល់គរុសិស្ស នៅឆ្នាំ២០២៤ខាងមុខនេះ បានបង្ហាញអំពីការគិតគូគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ខណៈបៀវត្សរបស់មន្ត្រីរាជការទូទៅ គ្រូបង្រៀន គ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ត្រូវបានដំឡើងជាបន្ដបន្ទាប់ផងដែរ បើទោះបីក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ក៏ដោយនោះ។

ក្រៅពីមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធហើយនោះ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងឈ្នួលអប្បបរមាជូនកម្មករនិយោជិតក្នុងវិស័យរោងចក្រ និងវាយនភណ្ឌ ដល់ចំនួន២០៤ ដុល្លារ នៅឆ្នាំ២០២៤ខាងមុខនេះ ដែលប្រាក់ឈ្នួលនេះ បានកើនឡើង៤ដុល្លារបើធៀបនឹងឆ្នាំ២០២៣។ កម្មករនិយោជិតជាច្រើន បានសម្តែងនូវការសប្បាយរីករាយការដំឡើងប្រាក់ឈ្នួលនេះ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាល បានខិតខំសម្របសម្រួលរហូតមានការដំឡើង ក្នុងខណៈដែលសេដ្ឋកិច្ចពិភពលោក ជួបការលំបាកផងដែរ៕