រដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវចែកជូនកងទ័ពឈរជើងនៅស្រុករតនមណ្ឌល


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ចែកជូននាយទាហាន នាយទាហានរង និងពលទាហាននៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ទាំងនេះជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ និងដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នៅពេលខាងមុខនេះ។

លោកឧត្ដមសេនីយ៍ គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានធ្វើរបាយការណ៍ថា កន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទបានផ្ដល់អគារស្នាក់នៅសម្រាប់កងទ័ពចំនួន១០ខ្នង អគារហ្វឹកហ្វឺនចំនួន១ខ្នង អគារប្រចាំការចំនួន១ខ្នង វេទិកាចំនួន១ខ្នង ទំនប់បង្ហូរទឹក១កន្លែង អណ្ដូងស្នប់ចំនួន២០អណ្តូង អាងស្ដុកទឹកចំនួន៣អាង និងគ្រឿងសំណង់ជាច្រើនសម្រាប់យកមកកសាងហេដ្ឋារចនាសម្ពន្ធ និងកសាងប្រព័ន្ធប្រៀបការពារជាតិ។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងអស់ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ឯកឧត្តមរដ្ឋមន្ដ្រីក៏បានលើកឡើងថា កងយោធពលខេមរភូមិន្ទ គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងពីការបោះឆ្នោតស្របច្បាប់ និងការពារនូវរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល។

ឆ្លើយតបទៅនឹងសំណូមពររបស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ឯកឧត្តមរដ្ឋមន្រ្ដីបានយល់ព្រមជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹកជូនដល់កងពលផងដែរ។ បន្ទាប់មក គណៈអធិបតីបានផ្ដល់អំណោយជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និងអង្គភាពកងពលតូចថ្មើរជើងលេខ៥២ មានថវិកាចំនួន២៣,៧០០ដុល្លារអាមេរិក អង្ករ៣តោន ទឹកបរិសុទ្ធ៥០កេស មី១០០កេស ទឹកស៊ីអ៊ីវ៥០យួរ ទឹកត្រី៥០យួរ ស្ករស២០០គីឡូក្រាម ប្រេងឆា១៥០លីត្រ នំ៥ធុង និងនំអន្សម៥០០នំ៕