អាកាសចរស៊ីវិល៖ ការធ្វើតេស្ត​ទទួលជើងហោះហើរសាកល្បង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ប្រកបដោយរលូនល្អ និងជោគជ័យ


អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរការសាកល្បង ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបី​ ក្នុងពេលដំណាលគ្នា ដែលប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្តាញព័ត៌មាន ទទួលបាន។

ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះ មកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង ក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន។

លទ្ធផលនៃការសាកល្បងទទួលជើងហោះហើរមិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់ របស់​លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អមដោយមន្រ្តីបច្ចេកទេសជាន់ខ្ពស់មួយចំនួន ព្រមទាំងតំណាងវិស័យឯកជនមួយចំនួនផងដែរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារ បច្ចេកទេស ដែលបានចុះពិនិត្យជាក់ស្ដែងនូវដំណើរការមួយចំនួន ចាំបាច់ទាក់ទងទៅនឹងការដឹកជញ្ជូនតាមផ្លូវអាកាស ​បានវាយតម្លៃខ្ពស់លើ ដំណើរការបញ្ហាចរាចរដែនអាកាស នៅត្រង់ចំណុចប៉មបញ្ជាហោះហើរ ដំណើរការទទួល ដំណើរការអ្នកដំណើរតាមផ្លូវអាកាស នៅចំណុចចំណតអាកាសយាន ដំណើរការចុះឈ្មោះឡើងអាកាសយាន ត្រួតពិនិត្យសន្តិសុខអាកាសចរណ៍ និងដំណើរការផ្សេងៗទៀត រហូតដល់ការឡើងអាកាសយានរបស់អ្នកដំណើរ តាមផ្លូវអាកាស និងការហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងបីខាងលើ។

ដំណើរការសាកល្បងនេះ គឺបានធ្វើឡើងដើម្បីធានាថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស និងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ ​និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះតទៅ។

​ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ​បានគូសបញ្ជាក់​ថា អាកាសយានដ្ឋានអន្តជាតិសៀមរាបអង្គរនេះ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីស្រឡាង ដែលនឹងចូលរួមចំណែកពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ពីប្រទេសកម្ពុជា ទៅកាន់តំបន់ឆ្ងាយៗនិងក្នុងតំបន់ តាមរយៈការអនុញ្ញាតឱ្យអាកាសយានធុនមធ្យមនិងធំ ដូចជា Airbus 350 Airbus 330 ឬ Boeing 787-900 ដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបពេលបច្ចុប្បន្ន ពុំអាចទទួលបាន ពីព្រោះទីតាំងស្ថិតនៅជិតបំផុតតំបន់ បេតិកភណ្ឌអន្តរជាតិអង្គរ។

ទន្ទឹមនឹងនេះ ស្ថិតនៅក្រោមម្លប់សុខសន្តិភាព និងក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកផងដែរ ដល់កំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង ប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់អាស៊ាន និងពិភពលោក។

សូមបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០ លានដុល្លារ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត មានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខ។ ព្រមទាំងមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន ១០,០០០តោនក្នុងឆ្នាំ២០២៤ និង ២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ និងអាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើងក្នុងឆ្នាំ ២០៤០៕