អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាល ចែកថវិកានិងលិខិតសរសើរលើកទឹកចិត្តដល់ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ


ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូនប្រេងសាំង និងថវិកា និងលិខិតសរសើរ ដើម្បីជាការលើកទឹកចិត្ត ចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ដែលជាការផ្តល់ភាពកក់ក្តៅ រួមសុខរំលែកទុក្ខ ជួយសម្រួលក្នុងការធ្វើបុណ្យទាន និងចំណាយនានា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ។

នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹង ពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវដល់មន្ត្រីរាការគ្រប់លំដាប់ថ្នាក់ចូលរួមជាមួយពលរដ្ឋឲ្យបានច្រើនកុះករ ទស្សនាកម្សាន្តសប្បាយដោយសេរីក្រោមម្លប់សុខសន្តិភាព នូវព្រឹត្តការណ៍ដែលរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំឡើងនៅបរិវេណអាងទឹកសោភ័ណ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយចលនាទេសចរណ៍ ក្នុងរដូវភ្ជុំបិណ្ឌនេះ ក៏ដូចជាអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ។

ព្រឹត្តិការណ៍នេះមានរយៈពេល០៧ថ្ងៃ ក្នុងនោះចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានការតាំងពិពរណ៍បង្ហាញទំនិញភូមិ១ផលិតផល១, ថ្ងៃ១៤ និង១៥ ខែតុលា បន្ថែមដោយការប្រគុំតន្រ្តីខ្នាតយក្ស ការសម្តែងសិល្បៈនានា ជាពិសេសនៅថ្ងៃទី១៥ ខែតុលា បន្ថែមនូវការប្រណាំងទូកខ្នាតអន្តរជាតិ ទូកត្នោត ខ្ទះត្នោត ប្រមាណ៤០គូ ហើយមានការបណ្តែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចចម្រុះពណ៍យ៉ាងស្រស់ស្អាតពាសពេញផ្ទៃមេឃ នាពេលរាត្រីផងដែរ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌនេះ៕