សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុទ្ធសាស្ត្រជាតិជួយប្រជាពលរដ្ឋ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាព្រួញតែមួយបាញ់បានសត្វបី គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់សេដ្ឋកិច្ចសង្គម និងជំរុញកំណើនសេដ្ឋកិច្ច


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» នៅសណ្ឋាគារសុខាភ្នំពេញ។

ការដាក់ឱ្យប្រើប្រាស់ជាផ្លូវនូវយុទ្ធសាស្ត្រជាតិ ជួយប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធនេះ សម្តេចនាយករដ្ឋមន្ត្រីចាត់ទុក ដូចជាការប្រើប្រាស់ព្រួញមួយបាញ់បានសត្វបីដូច្នេះដែរ គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «តាមរយៈយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨ គោលដៅធំរបស់យើង គឺជួយប្រជាពលរដ្ឋរបស់យើងនៅក្រៅប្រព័ន្ធ ប៉ុន្តែទស្សនវិស័យរបស់យើង គឺមានច្បាស់លាស់ តាមរយៈការជួយប្រជាពលរដ្ឋយើង នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងអាចប្រើប្រាស់ព្រួញតែមួយបាញ់បានសត្វបី។ ពង្រឹងបងប្អូន ជួយបងប្អូនក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមួយចំនួន ស្ថិតនៅក្រុមប្រជាពលរដ្ឋ ដែលងាយរងហានិភ័យ និងជីវភាពក្រីក្រ […] ដូច្នេះការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូន នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើឱ្យសម្រេចគោលដៅបីក្នុងពេលតែមួយ គឺកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម, ពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គម និងជំរុញកំណើនសេដ្ឋកិច្ច នេះជាគោលដៅ និងទស្សនទានក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រជាតិនេះ»

សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា សត្វទាំងបីដែលត្រូវផ្លែព្រួញតែមួយបាញ់បាន ដូចខាងក្រោម៖

ទី១៖ កាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម៖ ការជួយប្រជាពលរដ្ឋ ដែលមានជីវភាពលំបាក ឱ្យកាន់តែមានជីវភាពល្អ គឺជាការកាត់បន្ថយគម្លាតរវាងអ្នកមានជីវភាពលំបាក ឱ្យមកនៅកៀកជាមួយនឹងអ្នកដែលមានជីវភាពធូរធា ដែលនេះជាការបង្កើន នូវគោលនយោបាយអភិវឌ្ឍន៍ដោយសមធម៌ ដែលជាការរុញការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។

ទី២៖ ការពង្រឹងភាពធន់នៃសេដ្ឋកិច្ច សង្គមជាតិ៖ ប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ និងក្រីក្រ គឺជាអ្នកដែលងាយរងផ្សេងៗ ដូចជាកូវីដ១៩ ផលប៉ះពាល់អតិផរណាជាដើម ដូច្នេះរាជរដ្ឋាភិបាលត្រូវរកពួកគាត់ឱ្យឃើញ ដើម្បីជួយពួកគាត់ ក្នុងការពង្រឹងភាពធន់ តាមរយៈការជួយនូវគោលនយោបាយគាំពារ និងការផ្តល់អត្ថប្រយោជន៍ផ្សេងៗទៀត។

ទី៣៖ ជំរុញការកំណើនសេដ្ឋកិច្ច៖ ដោយសារតែប្រជាពលរដ្ឋនៅក្រៅប្រព័ន្ធ ជាចលករសំខាន់ក្នុងសេដ្ឋកិច្ចជាតិ បើសិនរាជរដ្ឋាភិបាលជួយឱ្យពួកគាត់រីកចម្រើន នោះសេដ្ឋកិច្ចជាតិក៏រីកម្រើនផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា បើទោះទ្រឹស្តីយុទ្ធសាស្ត្រទាំងនេះល្អហើយ តែការធ្វើឱ្យចេញជាលទ្ធផលជាក់ស្តែងទើបជារឿងសំខាន់ ដូច្នេះសម្តេចបានណែនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ ខិតខំប្រឹងប្រែងអនុវត្តន៍ឱ្យជោគជ័យនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ឆ្នាំ២០២៣-២០២៨»៕