ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ស្វាគមន៍ចំពោះការជួយឧបត្តម្ភគាំទ្រដល់ការប្រព្រឹត្តិទៅ និងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីនសម្រាប់ឆ្នាំ២០២៤


ក្នុងនាមជាប្រធានជ្រើសតាំងនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានចូលរួមកិច្ចប្រជុំត្រៀមយុទ្ធសាស្រ្តសម្រាប់ជំរុញសកលភាវូបនីយកម្មសកម្មភាពមីន នៅនិវេសនដ្ឋានសហភាពអឺរ៉ុប ប្រចាំកម្ពុជា។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្វាគមន៍ចំពោះការជួយឧបត្តម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដល់ការប្រព្រឹត្តិទៅ និងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន។

កិច្ចប្រជុំនេះ មានការចូលរួមពីព្រះអង្គម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេសនៃអនុសញ្ញាអូតាវ៉ា, លោក Igor Driesman ប្រធានជ្រើសតាំងនៃសហភាពអឺរ៉ុប, លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៥, លោក Msserer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា, តំណាងស្ថានទូតប្រចាំកម្ពុជា, តំណាង UNDP ប្រចាំកម្ពុជា, លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអង្គការ ICRC។

ក្នុងកិច្ចប្រជុំនោះ លោក Msserer បានលើកឡើងអំពីលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម និងបញ្ហានៅសេសសល់មួយចំនួន ដែលប្រទេសអាល្លឺម៉ង់បានបំពេញក្នុងក្របខណ្ឌអនុសញ្ញាអូតាវ៉ា និងក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាអូតាវ៉ា ហើយឯកឧត្តមបានស្វាគមន៍ និងត្រៀមខ្លួនដើម្បីចូលរួមគាំទ្រកម្ពុជា ក្នុងនាមជាប្រធាន និងធ្វើម្ចាស់ផ្ទះនៃសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ សម្រាប់ឆ្នាំ២០២៤។

លោក UENO Atsushi ក្នុងនាមជាប្រធានជ្រើសតាំងអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៥ បានសម្តែងនូវការគាំទ្រកម្ពុជា និងត្រៀមជួយកម្ពុជា ដើម្បីទទួលបានជោគជ័យក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំសម្រាប់ឆ្នាំ២០២៤ ហើយប្រទេសជប៉ុនបានត្រៀមខ្លួចរួចស្រេចសម្រាប់ការធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋភាគីលើកទី២២ នៃអនុសញ្ញាអូតាវ៉ា។

លោក UENO Atsushi បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលបោសសម្អាតមីននៅកម្ពុជា និងកោតសរសើរចំពោះការធ្វើជាម្ចាស់របស់កម្ពុជា ក្នុងសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន។

លោក UENO Atsushi ស្នើសុំឱ្យអង្គប្រជុំទាំងមូលយកប្រទេសកម្ពុជាជាគំរូ ពីព្រោះប្រទេសកម្ពុជាទទួលបានជោគជ័យគ្រប់បែបយ៉ាងទាំងកិច្ចការនយោបាយ ការបញ្ចប់សង្រ្គាម ការស្វែងរកសន្តិភាព និងកិច្ចការបោសសម្អាតមីន ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប និងអង្គភាព ISU-APMBC ដែលបានជួយគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានឱ្យដឹងថា ដោយឡែកការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់សន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាសម្រាប់ឆ្នាំ២០២៤ កម្ពុជាត្រៀមលើកយកនូវរបៀបវារៈ និងផែនការសកម្មភាពអាទិភាពចំនួន៤ មកពិភាក្សារួមមាន៖

ទី១៖ ការផ្សព្វផ្សាយជំរុញការអនុវត្តអនុសញ្ញាអូតាវ៉ា
ទី២៖ ជំរុញការងារបោសសម្អាតមីនដើម្បីឆ្ពោះទៅរកពិភពលោកគ្មានមីន
ទី៣៖ ជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង
និងទី៤៖ កិច្ចសង្រ្គោះជនមានពិការភាពដោយសារគ្រប់មីន សហគមន៍រងគ្រោះ និងសិទ្ធិជនមានពិការភាព៕