រដ្ឋមន្ត្រីទេសចរណ៍៖ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលដ៏ចាំបាច់ សម្រាប់ការសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរ


(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលទើបត្រូវបានបើកដំណើរការទទួលជើងហោះហើរ ជាសមិទ្ធផលដ៏ចាំបាច់សម្រាប់ការសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកកាន់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិនេះ ជាកម្រិតនៃការវិនិយោគលក្ខណៈយុទ្ធសាស្រ្ដ និងប្រវត្តិសាស្រ្ដសម្រាប់កម្ពុជា ហើយជាសមិទ្ធផលដែលមានសារៈសំខាន់ ក្នុងការពង្រឹងបន្ថែមនៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍កម្ពុជា។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម សុខ សូកេន បានថ្លែងថា «ចំពោះសមិទ្ធផលនៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ នឹងអាចជួយយ៉ាងពិតប្រាកលើអ្វីដែលជាភាពចាំបាច់ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាដើម។ នេះជាការសម្រួលយ៉ាងជាក់ស្ដែង ក្នុងការធ្វើដំណើរ និងការពង្រឹងបន្ថែមទៀត នូវភាពទាក់ទាញកម្ពុជា ជាទិសដៅទេសចរណ៍ ហើយក៏សង្ឃឹមថា កម្ពុជានឹងក្លាយជាទិសដៅទេសចរណ៍សកលឈានមុខមួយ ដែលមានភាពប្រកួតប្រជែង ព្រោះថាយើងមានអាកាសយាន្ដដ្ឋានកម្រិតអន្ដរជាតិ បូករួមនឹងគុណភាពនៃការផ្ដល់សេវា ដូច្នេះសង្ឃឹមថា ទេសចរជាតិ និងអន្ដរជាតិ នឹងទទួលបានសេវាមួយមានលក្ខខណៈ ពិសេសដែលពុំធ្លាប់បានឃើញពីមុននោះទេ»

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានណែនាំដល់ក្រសួងទេសចរណ៍ ប្រឹងប្រែងឱ្យពេលលទ្ធភាព ប្រើប្រាស់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលទើបដំណើរការនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើ​ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តឱ្យក្រសួងទេសចរណ៍ ត្រូវដឹកនាំពង្រឹងអភិបាលកិច្ច ក្នុងវិស័យទេសចរណ៍ ដែលជាយន្ដការទ្រទ្រង់ និងអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយចីរភាព ជាមួយនឹងការលើកកម្ពស់នូវក្រមប្រតិបត្តិ និងក្រមជំនាញវិជ្ជាជីវៈទេសចរណ៍ ក្នុងការផ្តល់គ្រប់សេវាកម្មទេសចរណ៍ គ្រប់បែបយ៉ាងទាំងអស់ដូចជា អនុវត្តដ៏ឆ្លាតវៃនូវយុទ្ធសាស្ត្រឱ្យចេញជាផ្លែផ្កា ឱ្យចេញទៅជាយុទ្ធសាស្រ្ដ និងផែនការមេទេសចរណ៍សំខាន់ៗដែលកំពុងមានស្រាប់ ពិសេសការប្រើប្រាស់ព្រលាយន្ដហោះសៀមរាបឲ្យអស់លទ្ធភាព និងសក្ដានុពល»

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។

អាកាសយានដ្ឋានថ្មី​ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» ដែលមានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕