ក្រុមប្រឹក្សាខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ទទួលបានសំណូមពរមួយចំនួន ពីវេទិកាពិគ្រោះយោបល់ជាមួយពលរដ្ឋនៅស្រុកតាំងគោក


(កំពង់ធំ)៖ ក្រុមប្រឹក្សាខេត្តកំពង់ធំ និងរដ្ឋបាលខេត្តកំពង់ធំ ទទួលបានសំណូមពរមួយចំនួន ពីវេទិកាពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនៅស្រុកតាំងគោក ដូចជា សំណើជួសជុលផ្លូវ សំណើចេញប្លង់កម្មសិទ្ធិជាប្រព័ន្ធ បង្ក្រាបបទល្មើសនេសាទ ល្បែងស៊ីសង សំណើជួយស្រោចស្រង់ស្ថានភាពដែលរងគ្រោះដោយជំនន់ទឹកភ្លៀង សំណើសុំពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណ និងសំបុត្រកំណើតជាដើម។

សំណើ សំណូមពរទាំងនោះត្រូវបានលើកឡើងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២៣ ដែលរៀបចំឡើងនៅសាលាស្រុកតាំងគោក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងមានចូលរួមពីសមជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការសាលាខេត្ត មន្ត្រីរាជការសាលាស្រុកតាំងគោក កម្លាំងប្រដាប់អាវុធ និងតំណាងប្រជាពលរដ្ឋជាង៣០០នាក់ផងដែរ។

តាមរយៈវេទិកាក្រុមប្រឹក្សាខាងលើ ប្រជាពលរដ្ឋបានសំណូមពរទៅលើការស្នើជួសជុលផ្លូវ ស្នើសុំចេញប្លង់កម្មសិទ្ធិជាប្រព័ន្ធ បទល្មើសនេសាទ បង្ក្រាបល្បែងស៊ីសង ដូចជា កន្ទុយលេខ ឡូតូ គ្រឿងញៀន ការពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណបាត់ឬខូច និងសំបុត្រកំណើតជាដើម។

ចំពោះមុខ គឺប្រជាពលរដ្ឋបានស្នើក្រុមប្រឹក្សាខេត្តកំពង់ធំ និងរដ្ឋបាលខេត្តជួយស្រោចស្រង់ស្ថានភាពដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដូចជាការខូចខាតផលដំណាំស្រូវ ផលដំណាំចម្ការ ហេដ្ឋារចនាសម្ពន្ធនានា។

ឯកឧត្តម ឈុន ឈន់ បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្តនឹងប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះទៅពិភាក្សា ស្រាយបំភ្លឺឱ្យបានច្បាស់លាស់ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធភាព និងទាន់ពេលវេលា។

លោក ញ៉ឹក បានខេង បានលើកឡើងថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៏ត្រូវរួមគ្នាដោះស្រាយឲ្យល្អបំផុតជូនប្រជាពលរដ្ឋ និងត្រូវធ្វើការឱ្យបានសកម្មចំពោះការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ កិច្ចការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការគ្រប់គ្រងសោភ័ណភាព អនាម័យ បរិស្ថាន និងធនធម្មជាតិ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀតផងដែរ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំឲ្យកាន់តែប្រសើរឡើង។

លោក ញ៉ឹក បានខេង បានជំរុញដល់មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធត្រូវពិនិត្យនឹងដោះស្រាយតាមយន្តការផ្សេងៗតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកនឹងតាមដានលើការដោះស្រាយ បញ្ហាទាំងនេះយ៉ាងយកចិត្តទុកដាក់បំផុត។

សូមជម្រាបថា វេទិកានេះក៏ជាឱកាសផ្សព្វផ្សាយអំពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន៕