អភិបាលខេត្តរតនគិរី អញ្ជើញចែកបណ្ណអចលនវត្ថុនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ជូនពលរដ្ឋ


ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបាលលុង ប្រមាណជាង១ពាន់វិញ្ញាបនបត្រ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការកងកម្លាំងទាំង៣ លោក-លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព និងអាជ្ញាធរក្រុងបានលុងព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលវិញ្ញាបនបត្រដីធ្លីនេះពេលនេះឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បានកំណត់ការគ្រប់គ្រងដីធ្លី តាមរយៈការជំរុញការចុះបញ្ជីដីដែលរួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីមានលក្ខណៈដាច់ដោយដុំ ការចុះបញ្ជីបំពេញបន្ថែម ការចុះបញ្ជីបន្ត ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច ការចុះបញ្ជីដីរដ្ឋ ព្រមទាំង ផ្តល់ប័ណ្ណកម្មសិទ្ធិជូនអ្នកកាន់កាប់ដីដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ត្រឹមត្រូវតាមលក្ខណៈច្បាប់។

ជាមួយគ្នានេះ រាជរដ្ឋភិបាលក៏បានដាក់ចេញនូវវិធានការទប់ស្កាត់ការចូលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងបន្តពិនិត្យធ្វើ ប្រទានកម្មជូនប្រជាពលរដ្ឋ ដែលរស់នៅ និងអាស្រ័យផលជាក់ស្ដែងព្រមទាំងការជំរុញការ ដោះស្រាយវិវាទដីធ្លី ក្រៅប្រព័ន្ធតុលាការ ការដោះស្រាយតាមរយៈគណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខេត្ត និងថ្នាក់ជាតិ។

ឯកឧត្តមបន្តថា កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក៏ត្រូវបានកំណត់ជាអាទិភាព ហើយអាចដំណើរការបានដោយជោគជ័យអាស្រ័យដោយមានការចូលរួមអនុវត្តពីអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីដែលពាក់ព័ន្ធ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលពុកម៉ែទទួលបាននាពេលនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់បងប្អូនដែលជាម្ចាស់កម្មសិទ្ធិ ដែលអាចបញ្ជាក់ពីសិទ្ធិស្របច្បាប់នៃការរស់នៅ និងកាន់កាប់ដីធ្លី ភាពច្បាស់លាស់ នៃព្រំប្រទល់ដី លុបបំបាត់នូវវិវាទដីធ្លី អាចយកទៅតតាំងជាមួយតតិយជន អាចយកទៅដាក់បានប្រាក់ (ខ្ចីប្រាក់) ពីគ្រឹះស្ថានហិរញ្ញវត្ថុ និងអាចយកទៅប្រើប្រាស់ផ្សេងៗ តាមដែលអាចធ្វើបាន។

សូមបញ្ជាក់ថា វិញ្ញាបនបត្រដែលធ្វើការចែកជូនប្រជាពលរដ្ឋភូមិថ្មដា សង្កាត់បឹងកន្សែង មានចំនួន ១,៣១០វិញ្ញាបនបត្ររួមមាន៖ទីលំនៅឋានចំនួន ១,២០៤ វិញ្ញាបនបត្រ ដីកសិកម្មចំនួន ៩៨ វិញ្ញាបនបត្រ ដីរដ្ឋចំនួន ០៦ វិញ្ញាបនបត្រ ដីគណបក្សចំនួន ០១ វិញ្ញាបនបត្រ ដីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចំនួន ០១ វិញ្ញាបនបត្រ៕