អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងសួនច្បារមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីត្រៀមរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នាពេលខាងមុខ


(ស្វាយរៀង)៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដើម្បីរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នាពេលខាងមុខ។

ការចុះពិនិត្យទីតាំងមាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង នេះមានការចូលរួមពីលោកអភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធ។

សូមបញ្ជាក់ថា​ ពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តផងដែរ។

រដ្ឋបាលខេត្តស្វាយរៀង មានសេចក្តីសង្ឃឹមជឿជាក់ថាសម្ដេច លោកឧកញ៉ា លោក-លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀង នាឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម្ម និងទទួលបានជោគជ័យ៕