អភិបាលខេត្តកំពង់ឆ្នាំង នាំកង់១៥០គ្រឿង ជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនតួគី ចែកជូនសិស្សក្រីក្រ


(កំពង់ឆ្នាំង)៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានទទួលកង់ ១៥០គ្រឿង ពីរដ្ឋាភិបាល និងប្រជាជនតួគី ដើម្បីចែកជូនដល់សិស្សានុសិស្សក្រីក្រ ចំនួន១៥០នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។

នាឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ក្នុងនាមអភិបាលខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ (TIKA) និងសមាគមអភិវឌ្ឍន៍នារី អ៉ីស្លាមកម្ពុជា ដែលមានកិច្ចសហការល្អ ក្នុងនាមដៃគូអភិវឌ្ឍដែលបានខិតខំស្វែងរកជំនួយមកផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។

អភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺបានបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការអនុវត្តគោលនយោបាយ ជំនឿសាសនាផ្សេងៗ នៅកម្ពុជា បានធ្វើឱ្យខ្មែរឥស្លាមក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា ទទួលបាននៅឧត្តមប្រយោជន៍ជាច្រើនដែលពុំធ្លាប់មានដូចជាជំនឿសាសនា ជាមន្ត្រីនយោបាយមន្ត្រីរាជការ និងការអនុញ្ញាតឱ្យសិស្សនិស្សិត ប្រើប្រាស់ឯកសណ្ឋានអ៉ីស្លាម នៅតាមសាលារៀន អនុញ្ញាតឱ្យសាសនិកឥស្លាម ទទូក្រម៉ាពាក់កន្តិប សម្រាប់ថតរូបធ្វើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសាររដ្ឋបាលផ្សេងៗ។ នៅតាមរោងចក្រ និងគ្រឹះស្ថានធំៗបង្កើតកន្លែងថ្វាយបង្គំសម្រាប់សាសនិកឥស្លាម ផ្ដល់គោលនយោបាយវិស័យអប់រំ ថែទាំអ្នកជំងឺ និងការបញ្ចុះសពអ្នកជំងឺកូវីដ១៩ ជាដើម។ល។

លោកជំទាវ UIku Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋទួគី ប្រចាំនៅកម្ពុជា បានថ្លែងថា៖ «ក្មួយៗជាសិស្សានុសិស្សទាំង១៥០នាក់ ដែលមកទទួលអំណោយកង់ម្នាក់ ១គ្រឿងក្នុងពេលនេះ គឺជាទំពាំងស្នងឫស្សី និងមានអនាគតវែងឆ្ងាយ ដូច្នេះក្មួយៗត្រូវប្រឹងប្រែងរៀនសូត្រយកតម្រិះវិជ្ជាឱ្យបានល្អសម្រាប់អនាគតរបស់ខ្លួន និងអនាគតដ៏ត្រចះត្រចង់របស់ប្រទេសជាតិផងដែរ»។

លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណ ងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា បានថ្លែងថា នេះជាលើកទី២ ហើយដែលសិស្សានុសិស្សនៅកម្ពុជា បានទទួលអំណោយកង់ពីរដ្ឋាភិបាល និងប្រជាជនទួកគី។

លោកជំទាវបានបន្តថា អំណោយដូចនេះ គឺរដ្ឋាភិបាល និងប្រជាជនតួគី បានធ្វើនៅក្នុងប្រទេសជាង១០០ ទូទាំងពិភពលោក។ ដូច្នេះក្នុងថ្ងៃនេះ ក្នុងនាមលោកជំទាវជាសមាគមអភិវឌ្ឍន៍នារីអ៉ីស្លាមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនប្រទេសតួគី ដែលបានផ្ដល់អំណោយដល់ប្រជាជនកម្ពុជានូវកង់ចំនួន ១៥០គ្រឿងខាងលើនេះ សម្រាប់សិស្សានុសិស្សក្រីក្រមកពីបណ្ដាស្រុកក្រុងទាំង៨ នៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ១៥០កង់ ដើម្បីក្មួយៗបានជិះទៅរៀនសូត្រយកចំណេះដឹង សម្រាប់បម្រើប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យទៅអនាគត៕