(សេអ៊ូល)៖ តបតាមការអញ្ជើញរបស់ ក្រសួងការពារជាតិ នៃសាធារណរដ្ឋកូរ៉េ ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាតំណាង ឯកឧត្តមនាយឧត្តមសេនីយ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូក្រសួងការពារជាតិ អញ្ជើញចូលរួមព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិ និងបច្ចេកវិទ្យាលម្ហអាកាសអន្តរជាតិសេអ៊ូល (ADEX 2023) និងកិច្ចសន្ទនាការពារជាតិសេអ៊ូល២០២៣ (SDD 2023) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ADEX 2023 ត្រូវបានធ្វើឡើងក្នុងកម្រិតធំជាងមុន ដោយមានការចូលរួមពីក្រុមហ៊ុនជាង៥៥០ មកពី៣៥ប្រទេស ដែលមានការរំពឹងថា នឹងមានអ្នកចូលរួមជាង៣ម៉ឺននាក់ ក្នុងនោះមានក៏មានផងដែរនូវមន្រ្តីយោធាមកពី៥៥ប្រទេស។ ដោយឡែក កិច្ចសន្ទនាការពារជាតិសេអ៊ូល២០២៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវបានរៀបចំឡើងដោយក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីសេរីភាព សន្តិភាព និងវិបុលភាព» ដោយមានអ្នកចូលរួមប្រមាណ៨០០នាក់ មកពី៥៦ប្រទេស ក្នុងនោះ រួមមានតំណាងក្រសួងការពារជាតិ អ្នកជំនាញសន្តិសុខជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រួមទាំងមន្ត្រីថ្នាក់រដ្ឋមន្ត្រីមកពីប្រទេសអូស្ត្រាលី ម៉ាឡេស៊ី ម៉ុងហ្គោលី ប្រ៊ុយណេ និងហ្វីជីជាដើម ដើម្បីចូលរួមពិភាក្សាស្វែងរកវិធីសាស្រ្តរួមក្នុងការឆ្លើយតបការគំរាមកំហែងសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។
កិច្ចសន្ទនាការពារជាតិសេអ៊ូល២០២៣ ប្រព្រឹត្តទៅដោយមានកិច្ចពិភាក្សាពេញអង្គចំនួនបី ផ្តោតលើប្រធានបទ សំខាន់ៗ ដូចជា៖
* កិច្ចពិភាក្សាទី១ ការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែល កំពុងកើនឡើង
* កិច្ចពិភាក្សាទី២ កិច្ចខិតខំប្រឹងប្រែងសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកឆ្ពោះទៅកាន់សេរីភាពសន្តិភាព និង វិបុលភាព;
* និងកិច្ចពិភាក្សាទី៣ មធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកក្នុងបរិយាកាស សន្តិសុខថ្មី
នៅក្នុងពិធីបើកកិច្ចសន្ទនាការពារជាតិសេអ៊ូល២០២៣ ឯកឧត្តម Wonsik SHIN រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋកូរ៉េ បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ដើម្បីដោះស្រាយ ជាមួយនឹងការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើតមានចំពេល «សង្រ្គាមអ៊ុយក្រែន-រុស្ស៉ីអូសបន្លាយ និងជម្លោះអ៉ីស្រាអែល-ហាម៉ាស»។ ឯកឧត្តម មានប្រសាសន៍ថា សង្រ្គាមអ៊ុយក្រែន-រុស្ស៉ី ដែលអូសបន្លាយពេលយូរ បង្កផលប៉ះពាល់យ៉ាងខ្លាំងនៅជុំវិញពិភពលោក រួមទាំងវិបត្តិថាមពល និងអាហារ រីឯ ជម្លោះអ៉ីស្រាអែល និងក្រុមហាម៉ាស់ នាពេលថ្មីៗនេះ បានលេចចេញជាប្រភពអស្ថិរភាពថ្មី ខណៈដែលការគំរាមកំហែងសន្តិសុខមិនប្រពៃណី សន្ដិសុខលម្ហ សន្ដិសុខបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ ជាបញ្ហាប្រឈម ដែលបង្កហានិភ័យដល់មនុស្សជាតិផងដែរ។
ចំណែក ឯកឧត្តម Heng Chee How ទេសរដ្ឋមន្រ្តីនៃក្រសួងការពារជាតិសិង្ហបុរី ជាសមាជិកអាស៊ាន ក៏បានចូលរួមចែករំលែកនូវទស្សនៈ ដោយលើកឡើងអំពីកិច្ចសហប្រតិបត្តិការកសាងទំនុកចិត្ត នៅឥណ្ឌូប៉ាស៊ីហ្វិក ដែលគួរធ្វើឡើងតាមរយៈវិធានការបីយ៉ាងដូចជា៖
(១) ការបើកចំហរកិច្ចសន្ទនា និងបណ្តាញ ទំនាក់ទំនងយ៉ាងជិតស្និតនៅក្នុងតំបន់ដោយផ្នែកលើមជ្ឈិភាពអាស៊ាន
(២) ការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងតំបន់
(៣) ការលើកកម្ពស់វិធានការកសាងទំនុកចិត្តក្នុងតំបន់។ ឯកឧត្តមក៏បានផ្តល់នូវឧទាហរណ៍ជាក់ស្តែងដែលកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ ADMM និង ADMM-បូក បានកំពុងអនុវត្តនូវវិធានការទាំងបីខាងលើ ដែលជាចំណែកមួយក្នុងការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការទប់ស្កាត់ ការប្រឈមមុខដាក់គ្នាក្នុងតំបន់ផងដែរ។
នៅក្នុងឱកាសចូលរួមវេទិកាខាងលើ នៅទីក្រុងសេអ៊ូល ឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាត និងគណៈប្រតិភូកម្ពុជា ជួបសន្ទនាជាមួយថ្នាក់ដឹកនាំការពារជាតិ នៃប្រទេសជាមិត្តដទៃទៀត ដើម្បីផ្លាស់ប្តូរអំពីសភាពការណ៍នៅក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក ដែលក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃ កូរ៉េ និងប្រទេសជាមិត្តមួយចំនួនទៀត។ ក្នុងឱកាសចូលរួមវេទិកានេះ ប្រតិភូក្រសួងការពារជាតិកម្ពុជា ក៏បានជួបសន្ទនាខ្លីជាមួយ ឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ ដោយឯកឧត្តមក៏បានផ្តាំផ្ញើសួរសុខទុក្ខ សម្តេចតេជោ ហ៊ុន សែន ផងដែរ។
គួរកត់សម្គាល់ផងដែរថា នេះគឺជាលើកទី១២ហើយ ដែលក្រសួងការពារជាតិសាធារណរដ្ឋកូរ៉ បានរៀបចំកិច្ចសន្ទនា ការពារជាតិសេអ៊ូលនេះ ចាប់តាំងពីឆ្នាំ២០១២មក ដែលកិច្ចសន្ទនានេះជាកិច្ចសន្ទនាពហុភាគីកម្រិតខ្ពស់ ក្នុងគោល បំណងរួមចំណែកដល់កិច្ចពិភាក្សាពង្រឹងសន្តិភាពនៅឧបទ្វីបកូរ៉េ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក៕