ឯកឧត្តម ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពាន៣កន្លែងនៅខេត្តត្បូងឃ្មុំ និងការងារជួសជុលបន្ទាន់ផ្លូវ១ខ្សែនៅខេត្តព្រៃវែង


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសក្រសួង នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន៣កន្លែង នៅដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តត្បូងឃ្មុំ របស់គម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហានទី២ ស្ថិតក្រោមជំនួយហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

ក្នុងឱកាសចុះត្រួតពិនិត្យនៅការដ្ឋានផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ទីប្រឹក្សា និងអ្នកអនុវត្តគម្រោងត្រូវបង្កើនការយកចិត្តទុកដាក់ ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេស និងជំរុញការងារសាងសង់ឱ្យទាន់ផែនការគ្រោងទុក។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរបានបន្តចុះពិនិត្យវឌ្ឍនភាពផ្លូវជួសជុលបន្ទាន់លើកំណាត់ផ្លូវ១ខ្សែប្រវែង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយសារជំនន់ទឹកភ្លៀង។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេសក្រសួងឱ្យពន្លឿនការជួសជុលបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ៕