ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងវេទិការបស់ចិន «មនុស្សមិនអាចរស់លើកោះពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុមព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ»


នាព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមសន្និសីទអន្តរជាតិដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០ លើគោលការណ៍មិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន លើទំនាក់ទំនងជាមួយប្រទេសជិតខាង (International Symposium to Commemorate the 10th Anniversary of China’s Principle of Amity, Sincerity, Mutual Benefit, and Inclusiveness in Neighborhood Diplomacy)។

សន្និសិទអន្តរជាតិនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ប្រទេសចំនួន២០ផ្សេងទៀត។

ក្នុងសន្និសិទអន្តរជាតិនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញអំពីលទ្ធផលជាវិជ្ជមានសំខាន់ៗ ដែលកើតមានឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ដោយឈរលើគោលការណ៍ទាំង៤ គឺមិត្តភាព ភាពស្មោះត្រង់ ផលប្រយោជន៍ទៅវិញទៅមក និងបរិយាបន្ន ដែលស្ថិតក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ស៊ី ជីនពីង កាលពី១០ឆ្នាំមុន។

លទ្ធផលគួរឱ្យកត់សម្គាល់ដែលសម្រេចបានពីគោលការណ៍ទាំងនេះរួមមាន ការរក្សាបានស្ថិរភាពក្នុងតំបន់ ការផ្តល់ផលប្រយោជន៍ជារួមលើកិច្ចការអភិវឌ្ឍនៅក្នុងតំបន់ ជាក់ស្តែងកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវបានផ្តល់នូវការតភ្ជាប់ កំណើនសេដ្ឋកិច្ច និងបង្កើតកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់ការអភិវឌ្ឍក្នុងប្រទេសកម្ពុជា។ សមិទ្ធផលដែលកើតចេញពីកម្មវិធីនេះមានជាអាទិ៍ អាកាសយានដ្ឋានសៀមរាបអង្គរថ្មី ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្លូវល្បឿនលឿនតភ្ជាប់ក្រុងភ្នំពេញទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតភ្ជាប់ទៅព្រំប្រទល់វៀតណាម ព្រមទាំងផ្លូវដទៃផ្សេងៗជាច្រើនទៀតប្រមាណ ៣០០០គីឡូម៉ែត្រ។

ឯកឧត្តមបន្តថា កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ បានជួយប្រជាជនកម្ពុជាឱ្យចាកផុតពីភាពក្រីក្រ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ឆ្ពោះទៅកាន់គោលដៅជាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ត្រឹមឆ្នាំ២០៥០។ ការអភិវឌ្ឍប្រកបដោយបរិយាបន្ន មានសក្ខីភាពរួចជាស្រេចដូចជា ក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលផ្តល់ការសហការ និងយោគយល់ជាច្រើនដល់ប្រទេសនៅក្នុងតំបន់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើទស្សនទានមួយ «មនុស្សមិនអាចរស់នៅលើកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែហ៊ុមព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ»

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីលើកឡើងថា ឆ្លុះបញ្ចាំងលើទស្សនទាននេះ កម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវ បានជួយជំរុញឱ្យកោះដែលពោរពេញដោយទ្រព្យសម្បត្តិហូរហៀរ អាចពង្រីកខ្លួនបានកាន់តែធំជាងមុន ខណៈដែលសមុទ្រនៃភាពក្រីក្រត្រូវបានកាត់បន្ថយ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យភាគីកម្ពុជា-ចិន បន្តកិច្ចសហប្រតិបត្តិការរួមគ្នាបន្តទៅមុខទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងមូល៕