ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា


នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី បើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី
សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នៅសណ្ឋាគារភ្នំពេញ ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា សំដៅធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចទទួលយកបាន។
ឯកឧត្តរដ្ឋមន្ត្រីមានប្រសាសន៍ថា ការរៀបចំឱ្យមានសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច សមាហរណកម្មអាស៊ាន ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ និងសង្គមជាតិនាពេលបច្ចុប្បន្ន។ ដូច្នេះ ការគ្រប់គ្រងលើតម្លៃពលកម្មដ៌សមស្របមួយ ជាពិសេសក្នុងផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង គឺជាចំណុចមួយដែលយើងមិនត្រូវមានការធ្វេសប្រហែស ឬមើលរំលងក្នុងការតាមដាន កំណត់ និងផ្ទៀងផ្ទាត់ឱ្យបានម៉ត់ចត់បានទ្បើយ។ សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករនិយោជិត និយាយដោយទ្បែក និងដល់ប្រទេសជាតិទាំងមូល និយាយជារួម ពីព្រោះ សេចក្តីច្បាប់នេះត្រូវបានធ្វើទ្បើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ជីវភាពរស់នៅសមរម្យ បង្កើតឱកាសការងារ និងបង្កើនផលិតភាពការងាររបស់កម្មករនិយោជិត ព្រមទាំងជំរុញឱ្យមានបរិយាកាសវិនិយោគ និងធុរកិច្ចឱ្យកាន់តែប្រសើរប្រកបដោយភាពទាក់ទាញនៅកម្ពុជាទៀតផង។ការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា តាមរយៈយន្តការច្បាប់ គឺជាយន្តការដ៏រឹងមាំមួយក្នុងការធានាឱ្យបាននូវប្រាក់ឈ្នួលអប្បបរមាមួយ សមស្របតាមបែបវិទ្យាសាស្រ្ត ដែលផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច តាមរយៈកិច្ចប្រជុំពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាក្រុមបច្ចេកទេសត្រីភាគីដែលមានតំណាងស្មើៗគ្នាមកពីភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សានេះនឹងសិក្សាស្រាវជា្រវ និងផ្តល់អនុសាសន៍អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់ជនទាំងទ្បាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយនឹងធ្វើការប្រជុំពិភាក្សាដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព និងឈ្នះ ឈ្នះ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឱ្យមានការប្រជុំពិភាក្សាត្រីភាគីលើសេចក្តីព្រាងច្បាប់នេះចំនួន ០២ លើក រួចមកហើយ ដែលលើកទី១ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី២ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។ បន្ទាប់មក សិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្តីពី សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក៏ត្រូវបានធ្វើទ្បើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមការសហការរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ (ILO)។ តាមរយៈសិក្ខាសាលាលើកទី១នោះ ក្រសួងបានទទួលធាតុចូលពីក្រសួងពាក់ព័ន្ធ ភាគីសហជីព ភាគីនិយោជក អង្គការអន្តរជាតិខាងការងារ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ហើយក្រុមការងារកសាងខ្លឹមសារសេចក្តីព្រាងច្បាប់ក៏បានសិក្សាផ្ទៀងផ្ទាត់មើលមតិយោបល់ទាំងនោះ ដើម្បីកែសម្រួលនិងដាក់ឱ្យពិភាក្សាក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះ។
បន្ថែមលើនេះ ដើម្បីធានាឱ្យបាននូវការកំណត់ប្រាក់ឈ្នួលអប្បបរមាមួយតាមបែបវិទ្យាសាស្រ្ត និងធានាប្រសិទ្ធភាពក្នុងការកំណត់លក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដែលជាធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីចុះធ្វើការអង្កេត និងសិក្សាស្រាវជ្រាវអំពីស្ថានភាពជីវភាពរស់នៅបច្ចុប្បន្នរបស់កម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដោយមានក្រុមការងារប្រមូលព័ត៌មានមកពីលេខាធិការដ្ឋាន គណៈកម្មការប្រឹក្សាការងារ និងវិទ្យាស្ថានជាតិស្ថិតិ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ទៅលើគំរូកម្មករនិយោជិតចំនួន ១ ៥០០នាក់ និងរោងចក្រចំនួន ៧៥ រោងចក្រ នៅ រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ទន្ទឹមនឹងនេះ ដោយមានការសហការជាមួយអង្គការ ILO ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីៈ ក៏តែងតែងយកចិត្តទុកដាក់ពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងរបស់ភាគីពាក់ព័ន្ធនៃកិច្ចពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា តាមរយៈការបង្កើតឱ្យមានវគ្គ បណ្តុះបណ្តាល និងសិក្ខាសាលានានាពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមា។
សូមបញ្ជាក់ផងដែរថា គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានចំនួន១៣លើក ដោយកើនពី ៣០ដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៧ ដល់ ១៥៣ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ ដោយបូករួមទាំងប្រាក់រង្វាន់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប្រាក់អតីតភាពកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលចាប់ពី ១៧០ដុល្លារអាមេរិក ទៅ ១៨១ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ នេះ។
បន្ថែមលើនេះ បើគិតត្រឹមថ្ងៃ០១ ខែមករា ឆ្នាំ២០១៧ ប្រទេសកម្ពុជាមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងប្រទេសនាំចេញផលិតផលកាត់ដេរ និង ផលិតស្បែកជើង ដែលជាដៃគូប្រកួតប្រជែងរបស់យើងក្នុងវិស័យនេះមួយចំនួន ដូចជា ប្រទេសបង់ក្លាដេស ស្រីលង្កា ឥណ្ឌា មីយ៉ាន់ម៉ា ប៉ាគីស្ថាន ឡាវ តំបន់មួយចំនួននៃប្រទេសឥណ្ឌូនេស៊ី និងខ្ពស់ជាងតំបន់ទី២ ទី៣ និងទី៤ នៃប្រទេសវៀតណាមផងដែរ។ ដូច្នេះ សមទ្ធិផលទាំងអស់នេះមិនមែនជាការកើតទ្បើងដោយចៃដន្យនោះទេ ប៉ុន្តែវាគឺជាសមទ្ធិផលដែលកើតចេញពីឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែបើកឱ្យមានការចូលរួមសហការ ផ្តល់មតិយោបល់ពីគ្រប់ភាគីពាក់ព័ន្ធ ជាក់ស្តែង ដូចជាដំណើរការតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះតែម្តង ដែលកន្លងមកក្រសួងបានដាក់ឱ្យមានកិច្ចពិគ្រោះយោបល់ និងទទួលយកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពិចារណា និងកែសម្រួល។ ហេតុដូច្នេះហើយ ខ្ញុំជឿជាក់យ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាច្បាប់មួយដែលមានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងអាចទទួលយក បានពីគ្រប់ភាគីពាក់ព័ន្ធ បន្ទាប់ពីការដាក់ឱ្យអនុម័តប្រើប្រាស់រួច។