សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។

ការអះអាងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤។

នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ សម្តេចធិបតី បានបញ្ជាក់អំពីកិច្ចការអាទិភាពរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយក្នុងនោះក៏មានដែរនូវការពង្រឹងប្រព័ន្ធយុត្តិធម៌។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ការដោះស្រាយ ការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ គឺជាអាទិភាពសំខាន់សម្រាប់យើង នៅក្នុងអាណត្តិទី៧នេះ ដោះស្រាយពង្រឹងប្រព័ន្ធយុត្តិធម៌ ឆ្លើយតបនឹងតម្រូវការប្រជាជន យើងធ្វើយ៉ាងណា ដើម្បីឱ្យបានលទ្ធផលជាក់ស្តែង»

សម្តេចសង្ឃឹមថា ការរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងចូលរួមចំណែកផ្តល់យុត្តិធម៌ និង​បង្កើតសុខដុមនីយកម្ម និងការជួយ ប៉ុន្តែមិនទៅជំនួសតុលាការទេ គ្រាន់តែបំពេញបន្ថែមនូវយន្តការដែលយើងមានស្រាប់៕