សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីយន្តការអាជ្ញាធរដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែទូលំទូលាយ


សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងក្នុងកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយ ការកកស្ទះសំណុំរឿង នៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទ ឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។

ដើម្បីឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ លើការបង្កើតអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការផ្សព្វផ្សាយ ដល់សាធារជន ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាបច្បាស់អំពីយន្តការនេះ រួមទាំងជម្រើសក្នុងការដោះស្រាយវិវាទផងដែរ។

ការជំរុញឱ្យការផ្សព្វផ្សាយឱ្យបានទូលំទូលាយនេះ ក៏ដើម្បីបង្ការនូវការបកស្រាយខុសមួយចំនួន ជុំវិញការបង្កើតអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «សំខាន់បំផុត គឺការធ្វើយុទ្ធនាការផ្សព្វផ្សាយ ពន្យល់ ណែនាំមហាជនឱ្យបានយល់ ឱ្យពួកគាត់យល់អំពីច្បាប់ យល់អំពីជម្រើសអ្វីដែលរៀបចំជូនពួកគាត់»

សម្តេនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះ ជាការផ្តល់ជម្រើសបន្ថែម ដល់ប្រជាពលរដ្ឋក្នុងការដោះស្រាយវិវាទ ហើយការអនុវត្តមិនមែនធ្វើឡើង ដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋឱ្យប្រើប្រាស់សេវានេះទេ ពួកគាត់មានជម្រើសច្រើន។

សម្តេចធិបតីបាននបង្ហាញនូវក្តីសង្ឃឹមថា ការរៀបចំបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ នឹងចូលរួមចំណែកផ្តល់យុត្តិធម៌ និងបង្កើតសុខដុមនីយកម្ម និងការជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប៉ុន្តែមិនទៅជំនួសតុលាការទេ គ្រាន់តែបំពេញបន្ថែម នូវយន្តការដែលមានស្រាប់។

សម្តេចធិបតីបានចាត់ទុកការបង្កើតអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ជាការងារបន្ទាន់ និងត្រូវជំរុញឱ្យលេចរូបរាងឱ្យបានឆាប់៕