ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ សីហា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូង នៅប្រទេសចិន


នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូង នៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

ពិធីនេះមានការជូនដំណើរពីសំណាក់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង​ដឹកនាំជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ អគ្គបញ្ជាការជាច្រើនរូបទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួរឱ្យដឹងថានេះគឺជាដំណើរទស្សនកិច្ចមិត្តភាពផ្លូវការលើកទី១ ទៅកាន់ប្រទេសចិន របស់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រោយទទួលតំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ចនេះធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ «សន្តិសុខរួម សន្តិភាពយូរអង្វែង»។ វេទិកាប៉េកាំងសៀងសាន លោកនឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ «ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិវៀតណាម ឡាវ សិង្ហបុរី និងឥស្សរជនបរទេសមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា ជាមួយបណ្តាប្រទេសនានា។

ដំណើរទស្សនកិច្ចផ្លូវការរប នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ ក្រសួងការពារជាតិកម្ពុជា នឹងកងយោធពលខេមរភូមិន្ទ ក្នុងការសហការជាមួយភាគីចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ កាន់តែស៊ីជម្រៅសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជា សម្រាប់តំបន់ទាំងមូល៕