ឯកឧត្តម ហ៊ុន ម៉ានី ជួបប្រជុំជាមួយក្រុមការងារ និងរចនាសម្ព័ន្ធគណបក្សស្រុកបសេដ្ឋ និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ


ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបជាមួយក្រុមការងារគណបក្សចុះជួយស្រុក ឃុំ និងគណៈកម្មាធិការស្រុក និងឃុំនៃស្រុកបសេដ្ឋ និងបន្តទៅស្រុកគងពិសី។

ក្រោយពីអង្គប្រជុំបានស្តាប់នូវរបាយការណ៍អំពីសភាពការណ៍ និងស្ថានភាពការងារនយោបាយនៅក្នុងស្រុកទាំងពីរ ដើម្បីក្តាប់ឱ្យជាប់នូវការងារដឹកនាំនៅក្នុងមូលដ្ឋានមក។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងនាមអនុប្រធានទី១ បានថ្លែងអំណរគុណចំពោះក្រុមការងារ និងគណបក្សស្រុក និងឃុំចំណុះឱ្យស្រុកទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ នាំមកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានចែករំលែកនូវស្ថានភាពនយោបាយ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ជាពិសេស រាយការណ៍ពីលទ្ធផលនៃបេសសកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងការដឹកនាំទាំងលើឆាកជាតិ និងអន្តរជាតិក្នុងពេលកន្លងមក ក៏ដូចជាផ្សព្វផ្សាយអំពីចក្ខុវិស័យរបស់សម្តេចទៅលើការងារដឹកនាំ ជាពិសេស គឺយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ និងការងារអាទិភាព ដែលក្នុងនោះ រួមមានកំណែទម្រង់មួយចំនួនដែលត្រូវយកចិត្តទុកដាក់។

សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ានី បាននឹងកំពុងចុះជួបជាមួយមន្រ្តីគណបក្សនៅទូទាំង៩ក្រុង ស្រុកទូទាំងខេត្ត ដើម្បីបន្តការងារដឹកនាំគណបក្សនាក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧៕