អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យ ហ៊ុន សែន ទាចំរ៉ាត់ ដែលត្រៀមប្រឡងសញ្ញាបត្រទុតិយភូមិ


ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាល ជាប្រទីបបំភ្លឺផ្លូវ ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យ ហ៊ុន សែន ទាចំរ៉ាត់ ក្រុងពោធិ៍សាត់ ចំនួន៦៦០នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំងអាជ្ញាធរក្រុងស្រុក ដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា យើងមានឱកាសជួបជុំគ្នានាពេលនេះ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍមកទល់សព្វថ្ងៃ ជាក់ស្តែងនាថ្ងៃនេះ គឺជាឱកាសដែលយើងបានជួបជុំគ្នា មុនក្មួយៗចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ជាការពិតណាស់ថា នៅថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខ កូនក្មួយទាំងអស់ នឹងចូលរួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមក៏សូមជូនពរដល់សិស្សានុសិស្សទាំងអស់ ឱ្យប្រឡងជាប់គ្រប់ៗគ្នា ដើម្បីឈានទៅសម្រេចបំណងប្រាថ្នា ទៅថ្ងៃអនាគត។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាប់ផ្តើមដំបូងនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោត​លើ​ការ​ពង្រឹងគុណភាពអប់រំ ការ​បណ្តុះបណ្តាលជំនាញ និង​លើក​កម្ពស់សុខុមាលភាពប្រជាជន ដែលទាំងនេះមាននៅក្នុងគោលដៅអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។

ជាមួយគ្នានោះ ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួន ដែលធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។ ឯកឧត្តមបានកោតសរសើរដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់ចិត្ត ខិតខំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស មិនថាមានបញ្ហាទុក្ខលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរ ហើយតស៊ូពុះពារគ្រប់ឧបសគ្គ។

ឯកឧត្តមបានផ្តល់ដំបូន្មាន ដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ សិក្សាស្រាវជ្រាវបំពេញបន្ថែម និងបង្កើននូវចំណេះដឹងភាសាបរទេស ដើម្បីអនាគតរបស់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ជាពិសេសចូលរួមដើម្បីធ្វើការអភិវឌ្ឍទឹកដីកំណើតរបស់យើងឱ្យមានការរីកចម្រើន។

ជាការលើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្ស នៃវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យ ហ៊ុន សែន ទាចំរ៉ាត់ ក្រុងពោធិ៍សាត់ ចំនួន៦៦០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល និងលោកគ្រូអ្នកគ្រូ ចំនួន៥២នាក់ដែលបានចូលរួម ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមកីឡាករទូកង វត្តនទីមង្គល ហៅវត្តកំពង់ក្រសាំង ដែលទទួលបានជោគជ័យ លេខ១ ពូលA ក្នុងព្រឹត្តិការណ៍អុំទូក នៅខេត្តបាត់ដំបង កាលពីថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ដែលនេះជាកិត្តិយសក្រៃលែង និងលើកកេរ្តិ៍ឈ្មោះខេត្តពោធិ៍សាត់យើង ឱ្យកាន់តែល្បីកាន់តែខ្លាំងឡើង៕