រដ្ឋបាលខេត្តកោះកុង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៥ អាណត្តិទី៣ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង


អាជ្ញាធរខេត្តកោះកុង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុង លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ ក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាព របស់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន២៥០នាក់។

ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរមួយចំនួន។ មានសំណួរផ្ទាល់មាត់ចំនួន១១ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម អគ្គិសនី អប់រំ ប្រព័ន្ធធារាសាស្ត្រ និងសណ្តាប់ធ្នាប់ចរាចរណ៍។

ក្រោយមានសំណូមពរ និងសំណើ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនវេទិកាទាំងមូលឲ្យអស់កង្វល់ ឲ្យបានកាន់តែយល់ច្បាស់ផងដែរ។ វេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរចំនួន២៦សំណួរ និងសំណូមពរផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កាយ សំរួម បានគូសបញ្ជាក់ថា «អង្គវេទិកានេះ ដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលាក្នុងករណីដោះស្រាយបានភ្លាមៗ និងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗ និងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ»។

ឯកឧត្តម កាយ សំរួម បានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើបាវចនាទាំងប្រាំ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។

ឯកឧត្តម កាយ សំរួម បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុង មូលដ្ឋានរបស់ខ្លួន។

ឯកឧត្តម ក៏បានបញ្ជាក់ថា វេទិកាសាធារណៈនេះ ជាលើកទី៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តកោះកុង និងជាគោលដៅទី១ នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការ អនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធរួម និងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះដែរ ការពិនិត្យ និងដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ និងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិ ឃុំ ក្រុង ស្រុក ក្នុងខេត្តកោះកុងទាំងមូលផងដែរ៕