(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនធំមួយរបស់ចិន សម្រេចចិត្តមកវិនិយោគនៅកម្ពុជាជាមួយទុនប្រមាណ ៥០០លានដុល្លារ។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ការសម្រេចចិត្តរបស់ក្រុមហ៊ុនចិនក្នុងការមកវិនិយោគនេះ បន្ទាប់ពីរូបឯកឧត្តមបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន និងបានពន្យល់ពីលក្ខខណ្ឌ និងទិដ្ឋភាព អំណោយផលមួយចំនួនពាក់ព័ន្ធការវិនិយោគនៅកម្ពុជា។
កាលពីខែតុលា កន្លងទៅនេះ បន្ទាប់ពីបញ្ចប់ការងារអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» នៅទីក្រុងប៉េកាំង ប្រទេសចិនហើយនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តដំណើរទស្សនកិច្ចនៅតាមក្រុមហ៊ុនធំៗមួយចំនួនទៀតរបស់ចិន ដើម្បីស្វះស្វែងរកការវិនិយោគពីក្រុមហ៊ុនទាំងនោះមកកាន់កម្ពុជា។
ក្នុងរយៈពេលទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែតុលា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបក្រុមហ៊ុនធំៗរបស់ចិនចំនួន១២ក្រុមហ៊ុន។ ក្នុងជំនួបជាមួយក្រុមហ៊ុនទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពន្យល់ពីគោលនយោបាយពាក់ព័ន្ធការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសនយោបាយគាំពារ និងលើកទឹកចិត្តខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការវិនិ យោគនៅកម្ពុជាទាំងអ្នកវិនិយោគក្នុងប្រទេស និងអ្នកវិនិយោគពីក្រៅប្រទេស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកបង្ហាញសក្តានុពល និងលក្ខខណ្ឌអំណោយផលនានា ចំពោះការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបពីលទ្ធផលផ្លែផ្កាមួយចំនួនជុំវិញដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិននោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហើបឱ្យដឹងថា ក្រោយដំណើរទស្សនកិច្ចនោះ មានក្រុមហ៊ុនធំមួយរបស់ចិន បានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានឱ្យដឹងថា ដើមឡើយក្រុមហ៊ុននោះ បានពិចារណាក្នុងការជ្រើសប្រទេសចំនួន៣ សម្រាប់ការវិនិយោគរួមមាន កម្ពុជា ថៃ និងម៉ាឡេស៊ី។ ប៉ុន្តែក្រោយពីបានស្តាប់ការពន្យល់របស់លោក ក្រុមហ៊ុននោះ ក៏សម្រេចមកវិនិយោគនៅកម្ពុជាតែម្តង។
ឯកឧត្តម ស៊ុន ចាន់ថុល សហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-ចិន បានបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំបានទៅដល់ ហើយជួបប្រធានក្រុមហ៊ុនពន្យល់ពីសក្តានុពលនៃការដាក់ទុនវិនិយោគនៅកម្ពុជា។ ហេតុដូចម្តេចដែលគាត់ត្រូវ ឬគួរតែមកវិនិយោគនៅកម្ពុជា? ក្រោយពីពន្យល់គាត់ក្បោះក្បាយហើយ ពេលនោះគាត់ [ប្រធានក្រុមហ៊ុន] មើលមុខខ្ញុំ ហើយគាត់ថា [ខ្ញុំសម្រេចចិត្តនឹងដាក់ទុននៅកម្ពុជា ខ្ញុំអត់ទៅប្រទេសផ្សេងទេ។ ដាក់ទុននៅកម្ពុជា ៥០០លានដុល្លារ]»។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រុមហ៊ុននោះ កំពុងពិចារណាថា ត្រូវជ្រើសរើសវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឬនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង៕