ទូតអូស្ត្រាលីប្រចាំកម្ពុជា ចង់ឃើញការកែច្នៃផលិតផលកសិកម្មកម្ពុជាកាន់តែច្រើន និងការភ្ជាប់ផលិតផលកម្ពុជា ដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ


(សៀមរាប)៖ ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ថា អូស្ត្រាលី ចង់ឃើញការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ឱ្យមានកាន់តែច្រើនឡើង ដែលនឹងជួយបង្កើតការងារនៅកម្ពុជាកាន់តែច្រើន និងចង់ឃើញការភ្ជាប់ផលិតផលកម្ពុជាដែលមានគុណភាពខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។

ការបញ្ជាក់បែបនេះ របស់ឯកឧត្ត ចាស្ទីន វ៉ាយអេត បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជណ្តើរត្រីទី១ នៅកម្ពុជា ដែលមានតម្លៃជិត ១០ម៉ឺនដុល្លារ និងត្រូវសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ស្ថិតនៅទំនប់ស្លែង ភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលីនោះ ប្រទេសអូស្ត្រាលី រៀបបចំសាងសង់ជណ្តើរត្រី ដែលមានសារៈសំខាន់ខ្លាំងណាស់ ជាយានសម្រាប់ត្រីធ្វើដំណើរឡើងចុះតាមដងទន្លេ ទៅកាន់កន្លែងពងកូន ជួយឱ្យត្រីឆ្លងកាត់ឧបសគ្គនានា។

កត្តានេះនឹងជំរុញឱ្យចំនួនត្រីកើនឡើងកាន់តែច្រើនហើយសម្រាប់សហគមន៍នឹងទទួលបានអាហារូបត្ថម្ភកាន់តែច្រើនផងដែរ។ ដែលអាចនិយាយបានថាសហគមន៍ទាំងមូលកាន់តែមានជីវភាពប្រសើរឡើង និងការទទួលបានកសិកម្មដែលលក្ខណៈល្អប្រសើរ ជាពិសេសទន្លេដែលមានសុខភាពល្អ។

ឯកឧត្ត ចាស្ទីន វ៉ាយអេត បានបន្តថា កិច្ចសហប្រតិបត្តិការនេះជាផ្នែកមួយនៃភាពជាដៃគូដ៏យូរអង្វែង និងទូលំទូលាយដែលអូស្ត្រាលីមានជាមួយកម្ពុជាក្នុងវិស័យកសិកម្ម។ ប្រទេសអូស្ត្រាលី កំពុងអនុវត្តកម្មវិធីជាច្រើន ក្នុងវិស័យកសិកម្មនៅកម្ពុជា។ វិស័យកសិកម្ម គឺការកសាងប្រព័ន្ធកសិកម្មដែលធន់នឹងអាកាសធាតុ ហើយអ្វីដែលយើងចង់ជួយកម្ពុជា ជាឧទាហរណ៍ គឺការក្នុងការបង្កើតពូជស្រូវដែលធន់នឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។

ឯកឧត្តបានរំលឹកថា កាលពីឆ្នាំមុន ប្រទេសអូស្ត្រាលី ប្រកាសឱ្យប្រើប្រាស់ពូជស្រូវចំប៉ីស ដែលអាចដាំដុះច្រើនដងក្នុងមួយឆ្នាំ។ ប្រភេទពូជស្រូវថ្មីនេះអាចធន់នឹងគ្រោះរាំងស្ងួត។ «អ្វីដែលយើងចង់ធ្វើ គឺព្យាយាមជួយកម្ពុជាបង្កើនតម្លៃកសិកម្មរបស់ខ្លួន ដើម្បីអាចឱ្យប្រទេសកម្ពុជានាំចេញផលិតផលកសិកម្មឱ្យកាន់តែច្រើនឡើង»។

បើតាមឯកឧត្ត ឃុន សាវឿនរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្ម បានស្នើសុំជំនួយបច្ចេកទេសអន្តរជាតិ ពីមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវ កសិកម្មអន្តរជាតិដើម្បីពង្រឹងសមត្ថភាព មន្រ្តីនៃរដ្ឋបាលជលផល និស្សិតជំណាញជលផល ជំនាញបរិស្ថាន និងជំនាញធារាសាស្រ្ត ព្រមទាំងក្រុមជំនាញការវិស្វ័កកម្មសាងសង់នៃក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការវាយតម្លៃទំនប់បញ្ចូលផែនការសាងសង់ និងការរចនាប្លង់ជណ្តើរត្រីតាមរយៈគម្រោងបច្ចេកវិទ្យាសាងសង់ជណ្តើរត្រីនៅតំបន់អាស៊ីអាគ្នេយ៍ (FishTech)។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះ បានបន្តថា ការសាងសង់ជណ្តើរត្រី នៅកម្ពុជា ជាបច្ចេកវិទ្យា និងវិទ្សាសាស្ត្រដែលកំពុងត្រូវបានកំណត់ថាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយថែរក្សាធនធានជលផល។ ការរចនាផ្លូវត្រីណាមួយក្នុងតំបន់ទន្លេមេគង្គ គឺផ្អែកលើទិន្នន័យ និងលក្ខណៈជីវសាស្រ្តប្រភេទត្រីន្លេមេគង្គតែម្តង។ កម្ពុជាកំពុងអភិវឌ្ឍធនធានទឹកយ៉ាងឆាប់រហ័ស ក្នុងគោលបំណងជាច្រើនជាពិសេសសម្រាប់ដំណាំស្រូវ។ ដូច្នេះការសិក្សាលើផ្លូវត្រី និងសាងសង់ជណ្តើរត្រីសម្រាប់ថែរក្សាត្រី នៅកម្ពុជា ចាំបាច់ជាពិសេសសម្រាប់រួមបញ្ចូលសំណង់ជណ្តើរត្រី (ផ្លូវត្រី) នៅក្នុងប្រព័ន្ធធារាសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍ពាក់ព័ន្ធនានា៕