កម្ពុជា-ថៃ ឯកភាពគ្នាបន្ដពង្រឹងការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ការចរាចរសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែន ដែលអាចច្នៃទៅជាគ្រឿងញៀន


(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា កម្ពុជា-ថៃ បន្តរួមគ្នាពង្រឹងការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ ការចរាចរជួញដូរសារធាតុគីមីផ្សំខុសច្បាប់ ឆ្លងកាត់ព្រំដែន និងការលួចបង្វែរពីជំនួញស្របច្បាប់ ទៅផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន អមស្ថានទូតថៃប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងនាមឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធអគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះតំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ដោយវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការយ៉ាងជិតស្និទ្ធរវាងកម្ពុជា ថៃ ពិសេសក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដែលតែងតែផ្តល់នូវការគាំទ្រ ដល់សកម្មភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានបញ្ជាក់បន្ថែមថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាប្រឈមរួមរបស់ប្រទេសយើងទាំងពីរ ក៏ដូចជានៅក្នុងតំបន់ និងសកលលោក ដែលទាមទារឲ្យមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ រវាងប្រទេស និងប្រទេស ជាពិសេសមន្រ្តីអនុវត្តច្បាប់ និងមន្រ្តីអនុវត្តច្បាប់ ក្នុងការពង្រឹងការត្រួតពិនិត្យ ទប់ស្កាត់ការចរាចរ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់នៅតំបន់ព្រំដែន និងឆ្លងកាត់ព្រំដែន ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ និងឈានទៅលប់បំបាត់ឲ្យបានរាល់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងនោះការទប់ស្កាត់ការលួចបង្វែរសារធាតុគីមីផ្សំពីសកម្មភាពស្របច្បាប់ទៅផលិតគ្រឿងញៀន ក៏ជាភារកិច្ចចំពោះមុខមួយដែលប្រទេសយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់។

ជាមួយគ្នានេះ លោក ស៊ូផាផាត ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) បានលើកឡើងថា ប្រទេសថៃ និងកម្ពុជា មានចំណងមិត្តភាពល្អ និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងនោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាបញ្ហាសំខាន់ដែលប្រទេសទាំងពីរ បាននិងកំពុងមានកិច្ចសហការល្អ និងគាំទ្រគ្នាទៅវិញទៅមកគ្រប់សកម្មភាព សំដៅរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅក្នុងប្រទេស និងតំបន់។

ជាងនេះទៀត លោកបានបញ្ជាក់បន្ថែមថា ប្រទេសយើងទាំងពីរនៅតែបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការល្អជាមួយគ្នាលើកគ្រប់វិស័យ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ៕