ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវអាជ្ញាធរពាក់ព័ន្ធរួមគ្នា ជួយអ្នកវិនិយោគ


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើង​ថា ការទាក់ទាញ និងគាំពារអ្នកវិនិយោគមិនមែនជាតួនាទីភារកិច្ចផ្តាច់មុខរបស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺ​ទាម​​ទារការចូលរួមពីគ្រប់អាជ្ញាធរពាក់ព័ន្ធទាំងអស់។

ក្នុងដំណើរចុះជួបអ្នកវិនិយោគតាមតំបន់សេដ្ឋកិច្ចពិសេសនាខេត្តស្វាយរៀង កាលពីថ្ងៃទី៣១ ខែតុលា កន្លង​ទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមធ្វើ​កិច្ចការ​ចំនួន៤ពាក់ព័ន្ធការវិនិយោគនេះ។ កិច្ចការទាំង៤នេះរួមមាន៖ ១) ចូលរួមទាក់ទាញអ្នកវិនិយោគ​មក​វិនិយោគនៅកម្ពុជា, ២) សម្របសម្រួលឱ្យអ្នកវិនិយោគមានភាពងាយស្រួលលើការវិនិយោគ, ៣) ថែទាំការវិនិយោគឱ្យបានគង់វង់ និង៤) ធ្វើការជាមួយអ្នកវិនិយោគ ដើម្បីពង្រីកការវិនិយោគដែល​មានរួ​ច​ហើយនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចនៅចំពោះមុខអ្នកវិនិយោគដែរថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យឯកជន។ រាជ​រដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការអូសទាញ​សេដ្ឋ​កិច្ច និងលើក​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារ។

ជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់​ថុល ប្រកាសធ្វើដំណើរជាមួយអ្នកវិនិយោគនានានៅក្នុងប្រទេស ដើម្បីទៅអូសទាញអ្នកវិនិយោគក្រៅ​ប្រទេសមកកាន់កម្ពុជាថែមទៀត៕