កម្ពុជា-អាល្លឺម៉ង់ ពង្រឹងកិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ


(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា ដោយផ្ដោតសំខាន់ពាក់ព័ន្ធការបើកទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ បណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នា លើកិច្ចការងារទាក់ទងនឹងការធ្វើទំនើបកម្មស្ថាប័ន ពាក់ព័ន្ធជាមួយការគ្រប់គ្រងឲ្យមានសណ្ដាប់ធ្នាប់ នៅក្នុងវិស័យព័ត៌មាន តាមរយៈការរៀបចំនូវច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈមួយចំនួន ដើម្បីពង្រឹងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ឯកឧត្តម នេត្រ ភក្រ្ដា បានជម្រាបជូនអំពីវឌ្ឍនភាពការងារ ពាក់ព័ន្ធជាមួយការធ្វើទំនើបកម្មស្ថាប័ន ការគិតគូរអំពីការរៀបចំការធ្វើវិសោធនកម្មច្បាប់ ស្ដីពីរបបសារព័ត៌មាន ដើម្បីឲ្យឆ្លើយតបទៅនឹងការវិវត្ដរបស់សង្គម ពីព្រោះច្បាប់ស្ដីពីរបបសារព័ត៌មាន គឺមានអាយុ២៨ឆ្នាំហើយ ដែលត្រូវធ្វើការរៀបចំឡើងវិញឲ្យស៊ីទៅនឹងអ្វីដែលជាការវិវត្ដរបស់សង្គមបច្ចុប្បន្ន ដែលមានការរីកចម្រើនខ្លាំងទៅលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប ជាពិសេសគឺ ប្រព័ន្ធព័ត៌មាន អនឡាញ ក្នុងក្របខ័ណ្ឌនៃប្រព័ន្ធផ្សព្វផ្សាយទំនើប។

ឯកឧត្តមរដ្ឋមន្រ្ដី បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានគិតគូរពីការរៀបចំនូវស្តង់ដារប្រតិបត្តិ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានភាពត្រឹមត្រូវ ហើយទាំងអស់គ្នាអាចទទួលយកបាន។ ទាំងនេះជាការគិតគូរមួយរបស់លោក ទៅលើការពង្រឹងនូវគុណភាពសារព័ត៌មាន ជាពិសេសគឺការផ្តល់នូវខ្លឹមសារព័ត៌មាន ដែលមានខ្លឹមសារសំខាន់ល្អៗ មានគុណភាពជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវចំណេះដឹង ក៏ដូចជាព័ត៌មានពិត និងត្រឹមត្រូវ។

ឯកឧត្តម នេត្រ ភក្រ្ដា ក៏បានលើកឡើងអំពីការគ្រប់គ្រងកិច្ចការងារផ្នែកសន្តិសុខព័ត៌មាន សំដៅទៅលើការធានាឲ្យមានការទទួលបានព័ត៌មានពេញលេញគ្រប់ជ្រុងជ្រោយ និងគុណភាពសារព័ត៌មាន ហើយសុវត្ថិភាពព័ត៌មាន ទប់ស្កាត់ការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតក្លែងបន្លំដែលបង្កឲ្យមានមានបញ្ហាទៅដល់សង្គមជាតិ។

ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានកោតសរសើរចំពោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានគំនិតផ្ដួចផ្ដើម ប្រកបដោយទស្សនវិស័យវែងឆ្ងាយ ទៅលើការគ្រប់គ្រងការងារវិស័យព័ត៌មាន ដ៏មានសារៈសំខាន់នេះ៕